(ស្វាយរៀង) ៖ ការដេញថ្លៃផ្តាច់មុខ! ការដេញថ្លៃក្រុមហ៊ុនជាប់មុខដដែលៗ ត្រូវបានផ្ទុះឡើងជុំវិញគម្រោងសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ ស្ថិតនៅក្រុងបាវិត ខេត្តស្វាយរៀង ក្រោមឥណទានរបស់ ធនាគារអភិវឌ្ឍន៍អាស៊ី ហៅថា អេឌីប៊ី ( ADB ) ដែលមានលោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ជានាយកគម្រោង ។
តើក្រុមហ៊ុនប៉េកាំង អបាន ខនស្ត្រាក់សិន គ្រុប ( Beijing Urban Construction Group Co., Ltd ) ហៅកាត់ថា BUCG " ទាយ " ជ័យជម្នះរបស់ខ្លួនមុនលទ្ធផលផ្លូវការបានដោយរបៀបណា? ។
លទ្ធផល នៃការដេញថ្លៃថ្មីៗនេះ សម្រាប់គម្រោងសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ បណ្តាញលូទឹកកខ្វក់ និងទឹកភ្លៀង បានធ្វើឱ្យប៉ះពាល់យ៉ាងខ្លាំងលើ តម្លាភាព និងនិរន្តភាព នៅក្នុង វិស័យសំណង់ ។
ភ័ស្តុតាង ដែលគេទទួលបានដោយការបោះពុម្ភផ្សាយមួយបានបង្ហាញថា កិច្ចសន្យាដែលមានតម្លៃប្រហែល ៣០លានដុល្លារអាម៉េរិក ត្រូវបានផ្តល់ទៅឱ្យ ក្រុមហ៊ុន BUCG ដែលមិនមែនជាក្រុមហ៊ុនដែលមានតម្លៃថោកជាងគេ ដោយគ្មានហេតុផលគ្រប់ជ្រុងជ្រោយ និងតម្លាភាពនោះឡើយ ។
កាន់តែមានភាពងឿងឆ្ងល់លើសពីនេះ ក្រុមហ៊ុន BUCG បានចេញសេចក្តីប្រកាសព័ត៌មានដដែលៗថា « អបអរសាទរ » លើជ័យជម្នះរបស់ខ្លួនក្នុងរយៈពេលមួយខែមុនពេលការប្រកាសជូនដំណឹងជាផ្លូវការ ត្រូវបានផ្សព្វផ្សាយជាសាធារណៈ ។
ជុំវិញករណីខាងលើនេះ គេមានចម្ងល់ថា ទី១.កំហុសដែលអាចកើតមានក្នុងដំណើរការដេញថ្លៃ និងវាយតម្លៃ? តាមគោលការណ៍លទ្ធកម្មសាធារណៈ និងឯកសារដេញថ្លៃរបស់គម្រោង កិច្ចសន្យាគួរតែត្រូវបានប្រគល់ជូន " អ្នកដេញថ្លៃតម្លៃទាបបំផុត " ។
ប្រសិនបើមានការព្រួយបារម្ភអំពីអ្នកដេញថ្លៃតម្លៃទាបគឺ ម្ចាស់គម្រោង (នាយកគម្រោង) ត្រូវស្នើសុំការបំភ្លឺជា លាយលក្ខណ៍អក្សរ ។
ទោះជាយ៉ាងណាក៏ដោយ ក្រុមហ៊ុនដេញថ្លៃអាទិភាពបំផុតបានសង្កត់ប្រាប់យើងថា " ចាប់តាំងពីការដាក់ស្នើនៅ ខែតុលា ឆ្នាំ២០២៤ ដល់ការបដិសេធនា ខែមេសា ឆ្នាំ២០២៥ ក្រុមហ៊ុន មិនដែលបានទទួលការសាកសួរពីភាគីម្ចាស់គម្រោងនោះឡើយ" ។ ផ្ទុយទៅវិញបែរ ក្រុមហ៊ុនដេញថ្លៃឈ្មោះ BUCG ដែលមិនមែនជា ក្រុមហ៊ុនអាទិភាពតម្លៃទាបបំផុតបានឈ្នះដោយគ្មានការពន្យល់ជាក់លាក់ណាមួយឡើយ ។
ក្រុមហ៊ុនដេញថ្លៃអន្តរជាតិមួយបានលើកឡើង " សំណួរចំនួន៣ " ថា តើស្តង់ដារ សម្រាប់តម្លាភាពក្នុងការវាយតម្លៃការដេញថ្លៃមានឬអត់? តើមានចន្លោះប្រហោងក្នុងដំណើរការដេញថ្លៃក្នុងការវាយតម្លៃដែរឬទេ? ថា តើគណៈកម្មការត្រួតពិនិត្យការងារលទ្ធកម្ម របស់គម្រោង និងធនាគារអភិវឌ្ឍន៍អាស៊ី ( ADB ) មានភាពច្បាស់លាស់ក្នុងការវាយតម្លៃដែរឬទេ? ។
ចំណែកចម្ងល់ទី២ " អំណាចនៃការយល់ដឹង " របស់ ក្រុមហ៊ុន BUCG ការស៊ើបអង្កេតរបស់យើងបានរកឃើញថា ក្រុមហ៊ុនប៉េកាំង អបាន ខនស្ត្រាក់សិន គ្រុប ( Beijing Urban Construction Group Co., Ltd ) ហៅកាត់ថា BUCG បានចេញសេចក្តីប្រកាសព័ត៌មាន " ការដេញថ្លៃដោយជោគជ័យ " នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ខ្លួន និងនៅក្នុង សារព័ត៌មានពាណិជ្ជកម្ម នៅដើម ខែកុម្ភៈ ឆ្នាំ២០២៥ (ពោលគឺ ច្រើនជាងមួយខែមុនពេលការជូនដំណឹងជាផ្លូវការ) ។
សេចក្តីប្រកាសព័ត៌មាន ឈ្នះៗស្រដៀងគ្នាជាបន្តបន្ទាប់ត្រូវបានចេញផ្សាយនៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ និងថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥ បន្ថែមទៀត ។
អ្នកជំនាញបច្ចេកទេសលទ្ធកម្មម្នាក់បានធ្វើការអត្ថាធិប្បាយថា នេះជាការបំពានយ៉ាងធ្ងន់ធ្ងរលើ ក្រមសីលធម៌ នៃលទ្ធកម្ម ។ គោលការណ៍រក្សាការសម្ងាត់លើ ការងារវាយតម្លៃលទ្ធកម្ម ត្រូវមានភាពតឹងរឹង និងសម្ងាត់បំផុត មុនពេលលទ្ធផលចេញជាផ្លូវការត្រូវបានផ្សព្វផ្សាយជាសាធារណៈ ហើយវាមិនអាចទៅរួចដែល ក្រុមហ៊ុនដេញថ្លៃមួយនេះអាចដឹងពីលទ្ធផលមុននោះទេលុះត្រាតែមានការលេចធ្លាយព័ត៌មាន ឬការគប់គិតគ្នាជាមុន ជាមួយមន្ត្រីជាន់ខ្ពស់ក្នុងគម្រោងនេះ ឬនាយកគម្រោងផ្ទាល់ក៏អាចថាបានដែរ ។
ទីប្រឹក្សាបច្ចេកទេសលទ្ធកម្មម្នាក់បានកត់សម្គាល់ថា នេះជាការចងមុងដេញថ្លៃ ដែលមិនបើកឱកាសឱ្យមានការប្រកួតប្រជែងជាក់លាក់ និងចំហជាសាធារណៈ ដោយសារក្រុមហ៊ុនមិនបានទទួលយកព័ត៌មាន ឬការបំភ្លឺណាមួយពីគម្រោង និងខុសទៅនឹងនីតិវិធីលទ្ធកម្ម ដែលបិទមិនឱ្យមានបណ្តឹងតវ៉ានៅក្នុងឯកសារដេញថ្លៃ ។
តើចាំបាច់មានសៀវភៅណែនាំពី លទ្ធកម្មរបស់ធនាគារអភិវឌ្ឍន៍អាស៊ី ( PROCUREMENT REGULATIONS FOR ADB BORROWERS) ធ្វើអ្វី? ។
លើសពីនេះ អ្នកម៉ៅការអន្តរជាតិមួយចំនួនបានបង្ហាញពីការព្រួយបារម្ភរបស់ពួកគេដែលមានបំណងចង់ផ្តល់ថា បច្ចេកវិទ្យាល្អបំផុតជាមួយនឹងតម្លៃទាបបំផុត ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ប្រទេសកម្ពុជា តែបែរជាបុគ្គលមួយចំនួនតូចយកផលប្រយោជន៍ផ្ទាល់ខ្លួនជាធំតាមរយ:ការទទួលលុយកខ្វក់ដើម្បីផ្តល់កិច្ចសន្យាសាងសង់ដោយមិនគិតពី តម្លាភាព និងនិរន្តភាព ។
ប្រភពព័ត៌មាន បានមកព័ត៌មានជាសាធារណៈ និងច្រើនប្រភពនឹងរង់ចាំការបំភ្លឺពី គ្រប់ភាគីពាក់ព័ន្ធដែលអាចទទួលយកបាន ។
ជុំវិញករណីខាងលើនេះលោក វង្ស ពិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន ជានាយកគម្រោង និងក្រុមហ៊ុនប៉េកាំង អបាន ខនស្ត្រាក់សិន គ្រុប ( Beijing Urban Construction Group Co., Ltd ) ហៅកាត់ថា BUCG នៅល្ងាចថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥ អង្គភាពយើងមិនអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ ជុំវិញភាពមិនប្រក្រតីខាងលើនេះ ។
គួរបញ្ជាក់ផងដែរថា រយៈពេល៥ឆ្នាំកន្លងមកនេះ ក្រុមហ៊ុន BUCG បានឈ្នះការដេញថ្លៃជាច្រើនដងសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធពី នាយកគម្រោង ខាងលើនេះ។ បើកើតមានឡើងករណីវិវាទយ៉ាងដូច្នេះគឺមានតែ អធិការកិច្ច ក្រសួងសាធារណការ និងដឹកជញ្ជូន ចុះធ្វើសវនកម្មផ្ទៃក្នុង ដើម្បីរកភាពយុត្តិធម៌ជូន ក្រុមហ៊ុននានាដែលបានចូលរួមដេញថ្លៃ ៕
Friday, April 18, 2025

ទំព័រដើម
ព័ត៌មានជាតិ
ព័ត៌មានសន្តិសុខសង្គម
សន្តិសុខសង្គម
គម្រោងដេញថ្លៃសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ មានតម្លៃប្រហែល ៣០លានដុល្លារ ដែលផ្តល់ឱ្យក្រុមហ៊ុន BUCG កំពុងធុំក្លិនមិនល្អ
គម្រោងដេញថ្លៃសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ មានតម្លៃប្រហែល ៣០លានដុល្លារ ដែលផ្តល់ឱ្យក្រុមហ៊ុន BUCG កំពុងធុំក្លិនមិនល្អ
ស្លាក
# ព័ត៌មានជាតិ
# ព័ត៌មានសន្តិសុខសង្គម
# សន្តិសុខសង្គម
Share This

About Admin Post
សន្តិសុខសង្គម
Author Details
ផ្ដល់ព័ត៌មានតាមរយៈលេខទូរសព្ទ ឬតេឡេក្រាមលេខ 017 52 99 19 / 097 77 88 019 សូមអរគុណ!