ប្រតិបត្តិការនេះ ដោយមានការចង្អុលបង្ហាញបញ្ជាដឹកនាំដោយលោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ០៣៖៤៨នាទីទៀបភ្លឺ លោកឧត្តមសេនីយ៍ត្រី ប៊ុត វណ្ណារដ្ឋ អនុប្រធាននាយកដ្ឋាន ទទួលផែនការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ ដែលមានលោកវរសេនីយ៍ឯក ញ៉ែម វ៉ន ជានាយការិយាល័យ និងមានការចូលរួមពីលោកវរសេនីយ៍ទោ ប៊ុត ស៊ីម៉េង ជានាយការិយាល័យ បានដឹកនាំកម្លាំងជំនាញ ធ្វើការឃាត់ខ្លួនជនសង្ស័យបានម្នាក់ នៅចំណុចមុខផ្ទះសំណាក់ លក្ខណ៍ប៊ូទិច ផ្លូវលេខ១៣២ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ជនសង្ស័យមានឈ្មោះ ប៊ុន ធី ហៅធីដៃមួយពាន់ អាយុ ៤២ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ទីកន្លែងស្នាក់នៅបន្ទប់ជួលមិនចាំលេខ (ម្តុំផ្សារទួលគោក) ផ្លូវមិនចាំលេខ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
សម្ភារដកហូត ម៉ូតូម៉ាកហុងដាស្កុបពី ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1LM-3496 (របស់ជនសង្ស័យធ្វើសកម្មភាព) ។
គួរជម្រាបថា កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង ១៧៖២៦នាទី ជនសង្ស័យខាងលើបានចូលបន្លំលួចលុយពីស្រ្តីម្នាក់បានសម្រេច នៅក្នុងផ្ទះលេខ៤៨០ ផ្លូវលេខ២៣០ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
បច្ចុប្បន្ន កម្លាំងជំនាញបាននាំជនសង្ស័យខាងលើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីធ្វើការសាកសួរតាមនីតិវិធី និងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ៕