នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញបានធ្វើការស្រាវជ្រាវឃាត់ខ្លួនបុរសម្នាក់ បើកបររថយន្តម៉ាក Tundra ពណ៌ស ពាក់ផ្លាកលេខ នប 2-7727 បង្កគ្រោះថ្នាក់ចរាចរណ៍ បណ្តាឱ្យអ្នកបើកបរម៉ូតូ និងរួមដំណើររបួសធ្ងន់ កាលកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ វេលាម៉ោង ០២ ៖ ២០ នាទី នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
គួរឱ្យដឹងដែរថា មានគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តម៉ាក Tundra ពណ៌ស ពាក់ផ្លាកលេខ នប 2-7727បើកបរដោយឈ្មោះ ប៉ូច នោ ភេទប្រុស មុខរបរជាងជួសជុលរថយន្ត មានទីលំនៅភូមិទ័ពស្តេច ឃុំត្រពាំងសាលាកើត ស្រុកបន្ទាយមាស ខេត្តកំពត បានបើកបុកម៉ូតូម៉ាក Suzuki Nex ពណ៌ស ផ្លាកលេខ កំពង់ចាម 1AD-0846 បណ្តាឱ្យអ្នកបើកបរម៉ូតូ និងរួមដំណើររបួសធ្ងន់ នៅចំណុចផ្លូវព្រះស៊ីសុវត្ថិ កែងផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៤ ។ក្រោយពេលកើតហេតុ អ្នកបើកបររថយន្តបើករត់ចោលកន្លែងកើតហេតុ ចំណែកអ្នកបើកម៉ូតូ និងរួមដំណើរ បានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចជំនាញ បានធ្វើការស្រាវជ្រាវ រហូតនៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៤ សមត្ថកិច្ចជំនាញ បានធ្វើការឃាត់អ្នកបើកបរ និងរថយន្តម៉ាក Tundra មកកាន់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរ ។
បន្ទាប់ពីសាកសួររួច អ្នកបើកបរបង្កបានសារភាពថា ខ្លួនបានយករថយន្តម៉ាក Tundra ពណ៌ស ពាក់ផ្លាកលេខ នប 2-7727 ដែលភ្ញៀវយកជុសជួល មកបើកបរ ទើបបណ្តាឱ្យកើតគ្រោះថ្នាក់ចរាចរណ៍ ៕