រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំគណៈកម្មការដើម្បីត្រៀមរៀបចំជួបជុំរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន លើកទី៦ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Monday, April 22, 2024

រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដឹកនាំកិច្ចប្រជុំគណៈកម្មការដើម្បីត្រៀមរៀបចំជួបជុំរវាង សម្តេចធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មាន លើកទី៦

(ភ្នំពេញ) ៖ កិច្ចប្រជុំគណៈកម្មការរៀបចំពិធីរៀបចំជួបជុំរវាង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ជាមួយអ្នកសារព័ត៌មាន លើកទី៦ ឆ្នាំ២០២៤ បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤ នាសាលប្រជុំចតុម្មុខមង្គល ទីស្តីការក្រសួងព័ត៌មាន ក្រោមអធិបតីភាព លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៌មាន និងជាប្រធានគណៈកម្មការរៀបចំ។

កិច្ចប្រជុំនាឱកាសនេះ ដើម្បីពិនិត្យឡើងវិញនូវរាល់កិច្ចការងារ ដែលអនុគណៈកម្មការនីមួយៗសម្រេចអនុវត្តន៍បាន និងពន្លឿនកិច្ចការងារដែលនៅសេសសល់ឱ្យបានឆាប់រួចរាល់ ដើម្បីបង្កភាពងាយស្រួលដល់អ្នកសារព័ត៌មានចុះឈ្មោះ និងត្រៀមចូលរួមកម្មវិធីជួបជុំ រវាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជាមួយអ្នកសារព័ត៌មានប្រមាណ ៥០០០ នាក់ លើកទី៦ ឆ្នាំ២០២៤ នាសាលពិព័ណ៌ និងសន្និបាតកោះពេជ្រ នៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤។

ដើម្បីធ្វើឱ្យកិច្ចការងារខាងលើនេះដំណើរការទៅដោយរលូន និងទទួលបានជោគជ័យ ក្រសួងព័ត៌មាន បានបង្កើតគណៈកម្មការមួយដើម្បីដឹកនាំ ចាត់ចែង និងត្រួតពិនិត្យដំណើរការរៀបចំពិធីជួបជុំរវាង សម្តេចធិបតី នាយករដ្ឋមន្ត្រីជាមួយអ្នកសារព័ត៌មានលើកទី៦ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៤ ដោយធ្វើការសម្របសម្រួល និងសហការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធលើដំណើរការចាត់ចែង និងរៀបចំពិធីណែនាំ និងផ្តល់អនុសាសន៍ដឹកនាំដល់អនុគណៈកម្មការទាំងអស់ លើការអនុវត្តតួនាទី និងភារកិច្ច ដែលបានកំណត់ក្នុងការធ្វើយ៉ាងណារៀបចំកម្មវិធីឱ្យបានល្អ និងប្រកបដោយសាមគ្គីភាព និងភាពសប្បាយរីករាយ ។

លោក នេត្រ ភក្ត្រា បានបញ្ជាក់ជូនថា ពិធីជួបជុំរវាងអ្នកសារព័ត៌មាន ជាមួយប្រមុខរាជរដ្ឋាភិបាល ដែលគ្រោងធ្វើឡើងនៅថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ គឺស្របគ្នានៃការប្រារព្ធទិវាសេរីភាពសារព័ត៌មានពិភពលោក។

លោក នេត្រ ភក្រ្ដា បានគួសបញ្ជាក់ដែរថា ការសម្រេចជ្រើសរើសយកថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៤ សម្រាប់ជំនួបរវាងអ្នកសារព័ត៌មាន ជាមួយនឹងប្រមុខរាជរដ្ឋាភិបាល គឺជាការសម្រេចរបស់សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ក៏ដូចជាការសម្រេចរបស់រាជរដ្ឋាភិបាលផងដែរ។

ក្រសួងព័ត៌មាន នឹងត្រៀមរៀបចំជំនួបនេះ ហើយក៏នឹងប្រមូលនូវបញ្ហា និងកង្វល់នានាដែលស្ថានីយវិទ្យុ ទូរទស្សន៍ និងអ្នកសារព័ត៌មាន បានលើកឡើងដាក់ជាសំណើក្នុងក្របខណ្ឌរួមមួយដើម្បីដាក់ជូន សម្ដេចធិបតីនាយករដ្ឋមន្រ្ដី ពិនិត្យ និងដោះស្រាយ។

សូមរំលឹកដែរថា ជារៀងរាល់ឆ្នាំនៅថ្ងៃទី១៤ ខែមករា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្ដី បានអនុញ្ញាតឱ្យរៀបចំកម្មវីធីជំនួបរវាងអ្នកសារព័ត៌មាន ជាមួយនាយករដ្ឋមន្រ្ដី ដើម្បីផ្ដល់ឱកាសដល់ អ្នកសារព័ត៌មានអាចជជែកពិភាក្សា ការលើកឡើងពីបញ្ហា សំណូមពរ ឬកង្វល់ផ្សេងៗ ដើម្បីដាក់ជូនប្រមុខរាជរដ្ឋាភិបាលពិនិត្យ និងជួយ ដោះស្រាយ។

ជំនួបនេះ ក៏ជាការបង្ហាញនូវការចូលរួមលើក កម្ពស់សិទ្ធិសេរីភាពសារព័ត៌មាន និងការបញ្ចេញមតិនៅកម្ពុជា។ គិតចាប់តាំងពីឆ្នាំ២០១៧ រហូតមកដល់ឆ្នាំ២០២៣នេះ ជំនួបរវាងអ្នកកសារព័ត៌មានជាមួយ នាយករដ្ឋមន្រ្ដី គឺបានធ្វើឡើងចំនួន ៥លើក រួចមកហើយ ប៉ុន្តែត្រូវខកខានធ្វើនៅឆ្នាំ២០២១ និង ឆ្នាំ២០២២ ដោយសារការរីករាលដាលនៃជម្ងឺកូវីដ-១៩ ប៉ុន្តែនៅក្នុងអាណត្តិទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានសម្រេចឱ្យមានការរៀបចំពិធីជួបជុំឡើងវិញរវាង នាយករដ្ឋមន្រ្តី និងអ្នកសារព័ត៌មាន ជារៀងរាល់ឆ្នាំនៅថ្ងៃទី០៣ ខែឧសភា ចាប់ពីឆ្នាំ២០០៤ នេះតទៅ៕




























Post Bottom Ad

Ads Sidebar

Pages