(ភ្នំពេញ) ៖ នៅថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៤ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើការដុតកម្ទេចបំណែកសាច់នាំចូលខុសច្បាប់ ចំនួន ០២ ករណី ស្មើនឹង ៧.៥៩៥ គីឡូក្រាម ដែលនាំចូលគ្មានឯកសារ វេចខ្ចប់គ្មានអនាម័យ និងដឹកជញ្ជូនមិនត្រឹមត្រូវតាមស្តង់ដារនាំឱ្យខូចគុណភាពមិនអាចប្រើប្រាស់បាន ។ នេះបើយោងតាមផេកផ្លូវការអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ។
ករណីទី១៖ បំណែកសាច់មាន់ និងគ្រឿងក្នុងមាន់ ចំនួន ៣៩៥ គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យគយ និងរដ្ឋាករដូងនៃសាខាគយ និងរដ្ឋាករខេត្តបាត់ដំបង សហការជាមួយមន្ត្រីនគរបាលស្រុកកំរៀង និងមន្ត្រីរាជអាវុធហត្ថស្រុកកំរៀង ធ្វើការដុតកម្ទេច បន្ទាប់ពីបានបង្ក្រាប និងដកហូតពីឈ្មួញដែលធ្វើសកម្មភាពបំបែកជារូបភាពតូចៗ ជញ្ជូនដោយថ្មើរជើងនាំចូលមកក្នុងប្រទេសដោយខុសច្បាប់ តាមមាត់ច្រកអន្តរជាតិដូង កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ។ករណីទី២ ៖ កោះមាន់ និងជើងទា ចំនួន ៧.២០០ គីឡូក្រាម ត្រូវបានមន្ត្រីការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ នៃនាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស សហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ មន្ត្រីនគរបាល និងមន្ត្រីរាជអាវុធហត្ថ ធ្វើការដុតកម្ទេច បន្ទាប់ពីបានបង្ក្រាប និងដកហូតពីឈ្មួញដែលដឹកជញ្ជូនតាមរថយន្តដឹកអ្នកដំណើរ ០២ គ្រឿង នាំចូលមកក្នុងប្រទេសដោយខុសច្បាប់ តាមច្រករបៀងក្នុងភូមិសាស្ត្រស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ កាលពីយប់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ ៕