ចាប់ខ្លួនស្ត្រីម្នាក់ ករណីហែកគណនីធនាគារយកទៅប្រើប្រាស់ និងទិញគណនីធនាគារ ដើម្បីផ្ទេរប្រាក់បន្ដ - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Monday, March 4, 2024

ចាប់ខ្លួនស្ត្រីម្នាក់ ករណីហែកគណនីធនាគារយកទៅប្រើប្រាស់ និងទិញគណនីធនាគារ ដើម្បីផ្ទេរប្រាក់បន្ដ

(កំពត) ៖ សមត្ថកិច្ចឃាត់ខ្លួនស្ត្រីជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីឆបោកមានស្ថានទម្ងន់ទោស (ក្រុមមានការចាត់តាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) ដោយធ្វើសកម្មភាពហែកគណនីធនាគារយកទៅប្រើប្រាស់ និងទិញគណនីធនាគារ ដើម្បីផ្ទេរប្រាក់បន្ដនៅពេលធ្វើសកម្មភាព ។

ដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ ចាប សាវី ហៅបុក ភេទស្រី អាយុ ៣៩ ឆ្នាំ ជនជាតិខ្មែរ នៅចំណុចភូមិព្រៃព្រីង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ នៅថ្ងៃទី២ ខែមីនា ឆ្នាំ២០២៤ ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត មានករណីឆបោកមានស្ថានទម្ងន់ទោស (ក្រុមមានការចាត់តាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា) បណ្ដាលឱ្យជនរងគ្រោះឈ្មោះ ថុន សុនៀវ ភេទស្រី អាយុ ២៨ ឆ្នាំ នៅភូមិទឹកក្រហម ឃុំកណ្ដោល ស្រុកទឹកឈូ ខេត្តកំពត ខាតបង់ប្រាក់ ចំនួន ៤,០០០ ដុល្លារ ។ ដោយជនល្មើសជាក្រុមមានការចាត់តាំង មានគូកនច្រើននាក់ បែងចែកភារកិច្ចរៀងៗខ្លួន ធ្វើសកម្មភាពហែកគណនីធនាគារ យកទៅប្រើប្រាស់ និងទិញគណនីធនាគារ ដើម្បីផ្ទេរប្រាក់បន្ដ នៅពេលធ្វើសកម្មភាព ។

ជនល្មើសបានធ្វើសកម្មភាពឆបោកប្រាក់ពីជនរងគ្រោះ ឱ្យផ្ទេរចូលទៅក្នុងគណនីធនាគារដែលហែកបាន រួចផ្ទេរប្រាក់បន្ដទៅគណនីដែលបានទិញជាបន្ដបន្ទាប់ទៀត ដែលមានឈ្មោះ ចាប សាវី ហៅបុក ភេទស្រី អាយុ ៣៩ ឆ្នាំ រស់នៅភូមិពោធិ៍ ឃុំសំពងជ័យ ស្រុកជើងព្រៃ ខេត្តកំពង់ចាម ជាអ្នកប្រមូលទិញគណនីធនាគារ ។

ក្រោយពីទទួលបានបណ្តឹងរបស់ជនរងគ្រោះ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត បានស្នើមកនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ដើម្បីសុំធ្វើការសហការការស្រាវជ្រាវ ដោយតាមនីតិវិធី និងជំនាញរហូតកំណត់បានទីតាំងលាក់ខ្លួនរបស់ជនសង្ស័យខាងលើ ។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ប្រគល់ជូនស្នងការដ្ឋាននគរបាលខេត្តកំពត ដែលជាម្ចាស់ករណី ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី ៕




Post Bottom Ad

Ads Sidebar

Pages