(ភ្នំពេញ) ៖ សមត្ថកិច្ចគយ និងរដ្ឋាករ ប្រចាំអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ បានសហការជាមួយកម្លាំងជំនាញមន្ទីរប្រឆាំងគ្រឿងញៀន ដោយមានការសម្របសម្រួលពីឯកឧត្តម ច្រឹង ខ្មៅ ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ឃាត់ខ្លួនអ្នកដំណើរ ចំនួន ០២ នាក់ ប៉ុនប៉ងដឹកជញ្ជូនគ្រឿងញៀន តាមជើងយន្តហោះពីកម្ពុជាទៅកាន់ប្រទេសកូរ៉េខាងត្បូង ។
ការបង្ក្រាបនេះ បានធ្វើឡើង នៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៤ ដោយឃាត់ខ្លួនសង្ស័យ ០២ នាក់ គឺឈ្មោះ Kim jangeun ភេទប្រុស ជនជាតិកូរ៉េ (ប្ដី) និងឈ្មោះ Lee hyeran ភេទស្រី ជនជាតិកូរ៉េ (ប្រពន្ធ) ។ចំណែកគ្រឿងញៀន ដែលឃាត់យកបាន រួមមាន៖ សារធាតុញៀនប្រភេទ មេតំហ្វេតាមីន (ICE) ទម្ងន់ ១២៩០.៧៩ ក្រាម (ប្ដី) និងសារធាតុញៀនប្រភេទ កេតាមីន (Ketamine) ទម្ងន់ ៩៨៧.៤២ ក្រាម (ប្រពន្ធ) ។ សរុបទម្ងន់ ២២៧៩.២១ក្រាម (២គីឡូក្រាម និង ២៧៩,២១ ក្រាម) ។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងចាប់យកខាងលើ បានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ តាមនីតិវិធី ៕