(ភ្នំពេញ) ៖ ក្រសួងបរិស្ថាន បានធ្វើពិធីបើកផ្សព្វផ្សាយយុទ្ធនាការសម្អាតទន្លេ និងយុទ្ធនាការបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅតាមរោងចក្រ សហគ្រាស នៅរសៀលថ្ងៃទី១ ខែមីនា ឆ្នាំ ២០២៤ នៅទីស្តីការក្រសួងបរិស្ថាន ក្រោមវត្តមាន លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ដៃគូពាក់ព័ន្ធ រួមនឹងវិស័យឯកជន ជាច្រើនទៀត។
លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានលើកឡើងថា «ទឹកស្អាតជាប្រភពដ៏សំខាន់សម្រាប់ទ្រទ្រង់ជីវិត» ហើយស្របនឹងឃ្លាដែលបានលើកឡើងនេះ ក្រសួងបរិស្ថាន បានឈានមួយជំហានឆ្ពោះទៅការទប់ស្កាត់ការបំពុលទៅក្នុងផ្ទៃទឹក តាមរយៈការកាត់បន្ថយប្រភពបំពុលទៅក្នុងទឹក ដើម្បីជួយបង្ការសុខភាពប្រជាពលរដ្ឋកម្ពុជាពីការទទួលទាន និងប្រើប្រាស់ទឹកដែលមានប្រភពមិនស្អាត។ លើសពីនេះ ក៏ដូចជាការការពារដល់ជីវចម្រុះដែលមានជីវិតក្នុងទឹកដូចជា ត្រី រុក្ខជាតិ និងធនធានធម្មជាតិនៅក្នុងទឹក ជាច្រើនទៀត។ទន្ទឹមនេះលោករដ្ឋមន្ត្រីក៏បានអំពាវនាវ និងជំរុញដល់រោងចក្រ សហគ្រាសទាំងអស់ចូលរួមជាមួយយុទ្ធនាការកាត់បន្ថយការបំពុលទៅក្នុងបរិស្ថាន តាមរយៈការបំពាក់នូវឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅតាមរោងចក្រ សហគ្រាសលើការបង្ហូរកាកសំណល់ចេញ មុនការអនុវត្តច្បាប់ ជាកាតព្វកិច្ច ដើម្បីការពារសុខភាពប្រជាពលរដ្ឋផង និងការពារប្រយោជន៍ជូនដល់រោងចក្រ សហគ្រាសផង។
ផ្អែកលើការងារនេះ ក្រសួងបរិស្ថានក៏បានគិតគូរ និងរៀបចំសម្រួលជួយដល់អ្នកវិនិយោគទាំងអស់ ឱ្យទទួលបានការបំពាក់នូវឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យនៅគ្រប់រោងចក្រ សហគ្រាសទាំងអស់នៅទូទាំងប្រទេស។
បើតាមលោករដ្ឋមន្ត្រីបរិស្ថាន មិនចង់ឱ្យមានការអនុវត្តច្បាប់ ឬផាកពិន័យ ចំពោះអ្នកបំពុលទៅក្នុងផ្ទៃទឹក ឬបរិស្ថានអ្វីនោះទេ ប៉ុន្តែលោកចង់ឱ្យពួកគេយល់ដឹងពីផលប៉ះពាល់ ពីតម្លៃនៃបរិស្ថានស្អាត ហើយងាកមកចូលរួមទាំងអស់គ្នា ទាំងម្ចាស់រោងចក្រ សហគ្រាស ក៏ដូចជាពលរដ្ឋទូទៅ។
ស្របនឹងការលើកឡើងដោយរដ្ឋមន្រ្តីបរិស្ថាននេះ ក្រុមហ៊ុន រោងចក្រ សហគ្រាស បានគាំទ្រចំពោះ វិធានការតម្រូវឱ្យបំពាក់ឧបករណ៍តាមដានស្វ័យប្រវត្តិ និងប្រព័ន្ធគ្រប់គ្រងទិន្នន័យ ដែលបានដាក់ចេញនេះ និងបានស្នើសុំឱ្យក្រសួងបរិស្ថាន ពិនិត្យ និងសម្រួលលើបញ្ហាតម្លៃបំពាក់ឧបករណ៍ដំបូង និងតម្លៃថែទាំឧបករណ៍ផងដែរ ដើម្បីជំរុញឱ្យការវិនិយោគរបស់ពួកគេប្រកបដោយភាពទទួលខុសត្រូវនៅក្នុងសង្គម៕