បុរសម្នាក់ដែលជាអ្នកបើកបររថយន្តសាំយ៉ុង ពាក់ផ្លាកលេខ ភ្នំពេញ 2AA-6542 ដែលត្រូវបានមន្ត្រីនគរបាលចរាចរណ៍ ត្រង់ចំណុចគោលដៅ កំពង់សិលាផ្លូវល្បឿនលឿន ធ្វើការឃាត់រថយន្ត ហើយទាមទារលុយ ចំនួន 450$ តាមរបៀបពុករលួយ ពេលនេះទទួលបានលុយគ្រប់ចំនួនត្រឡប់មកវិញហើយ ។
យោងតាមការឱ្យដឹងពីបុរសម្នាក់ ដែលជាអ្នកបើកបររថយន្ត បានរៀបរាប់ប្រាប់សារព័ត៌មានតាមរយៈទូរសព្ទ នារសៀលថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ នេះ ថា៖ «លុយ 450$ ដែលមន្ត្រីនគរបាលចរាចរណ៍គោលដៅកំពង់សិលា យកពីគាត់កាលពីព្រឹកថ្ងៃ០៩ ខែមីនា ឆ្នាំ២០២៤ កន្លងទៅនោះ ពេលនេះលុយទាំងអស់នោះ ត្រូវបានមន្ត្រីនគរបាលចរាចរណ៍នោះប្រគល់ឱ្យមកវិញគ្រប់ចំនួន ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់» ។
បុរសដែលអ្នកបើកបររថយន្តដដែល រូបនោះ បានបញ្ជាក់ដែរថា៖ កាលឱ្យលុយត្រឡប់មកវិញ ពីសំណាក់មន្រ្តីនគរបាលចរាចរណ៍គោលដៅកំពង់សិលា ធ្វើឡើងបន្ទាប់ពីសារព័ត៌មានចុះផ្សាយជុំវិញការផាកពិន័យដោយមិនមានវិក្កយបត្រ និងភាពមិនប្រក្រតីក្នុងការអនុវត្តច្បាប់ ។
សូមរំលឹកឱ្យដឹងថា៖ «កាលពីវេលាម៉ោងប្រហែល ១០ ព្រឹក ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២៤ បុរសម្នាក់ជាអ្នកបើកបរ រថយន្តសាំយ៉ុង ផ្លាកលេខ ភ្នំពេញ 2AA-6542 បានបើកបររថយន្តនៅលើផ្លូវល្បឿនលឿនឆ្ពោះពីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ លុះដល់ចំណុចគីឡូម៉ែត្រលេខ១៤៤ ក៏បើកបញ្ច្រាសត្រលប់ក្រោយបន្តិចដើម្បីចុះ ស្រាប់តែពេលនោះមានជនស៊ីវិលម្នាក់ឃាត់រថយន្ត និងហាមមិនឱ្យគាត់បើកបរទៅណានោះទេ ដោយឱ្យរង់ចាំមន្ត្រីនគរបាលចរាចរណ៍មកសិន ។ ទើបមួយសន្ទុះក្រោយមកក៏មានមន្ត្រីនគរបាលចរាចរណ៍ គោលដៅកំពង់សិលា ចំនួន ០៣ នាក់បានមកនាំយករថយន្ត និងរូបគាត់ដែលជាតៃកុងឡាន ទៅកាន់ប៉ុស្តិ៍គោលដៅកំពង់សិលា ដោយដល់ក្នុងប៉ុស្តិ៍មានមន្ត្រីចរាចរណ៍ សរុប ០៥ នាក់ ។ ហើយមន្ត្រីចរាចរណ៍នោះ ក៏បានសួរនាំរកប័ណ្ណបើកបរ ស្រាប់តែគាត់ឱ្យមើលប័ណ្ណបើកបរ ស្រាប់តែមន្ត្រីចរាចរណ៍ប្រាប់ថាប័ណ្ណបើកបរក្លែងក្លាយ និងបានប្រាប់រូបគាត់ថា ការក្លែងបន្លំប័ណ្ណបើកបរអាចជាប់គុក ចាប់ពី ០២ ឆ្នាំ រហូតដល់ទៅ ០៥ ឆ្នាំ ។
ក្រោយមក មន្ត្រីនគរបាលចរាចរណ៍បានទារលុយពីរូបគាត់ដែលជាតៃកុងរថយន្ត ជាទឹកប្រាក់ ចំនួន 500$ ដើម្បីជាថ្នូរមិនយកទោសពៃ និងឱ្យឆាប់បានត្រឡប់ទៅវិញ ។ ពេលនោះតៃកុងឡានគ្មានលុយ ទើបសម្រេចចិត្តឱ្យក្រុមគ្រួសារយកម៉ូតូទៅបញ្ចាំ ដើម្បីផ្ញើលុយទៅដោះស្រាយខ្លួន ។ ពេលបញ្ចាំម៉ូតូបានលុយហើយក៏បានសម្របសម្រួលឱ្យចុះតម្លៃត្រឹម 450$ ប៉ុន្តែលុយដែលបានបង់ឱ្យទៅមន្ត្រីចរាចរណ៍ គឺពុំមានវិក្កយបត្របញ្ជាក់ណាមួយនោះទេ (ពោលគឺប្រគល់លុយបើកឡានចេញ) ដែលមហាជនតែងតែហៅថារបៀបការរកតាមជំនាញពុករលួយ» ។
យ៉ាងណាមិញករណីនេះ យើងឃើញថាមន្ត្រីនគរបាលចរាចរណ៍គោលដៅកំពង់សិលា ក៏បានសម្រេចចិត្ត ប្រគល់លុយ 450$ គ្រប់ចំនួនឱ្យទៅបុរសដែលជាតៃកុងរថយន្ត និងជាម្ចាស់លុយវិញ ដោយគ្មានលក្ខខណ្ឌអ្វីទាំងអស់ ៕
Saturday, March 16, 2024
ទំព័រដើម
ព័ត៌មានសន្តិសុខសង្គម
មន្ត្រីនគរបាលចរាចរណ៍គោលដៅកំពង់សិលា បានប្រគល់លុយ 450$ ឱ្យទៅម្ចាស់រថយន្តវិញ បន្ទាប់ពីផាកពិន័យតាមរបៀបពុករលួយ
មន្ត្រីនគរបាលចរាចរណ៍គោលដៅកំពង់សិលា បានប្រគល់លុយ 450$ ឱ្យទៅម្ចាស់រថយន្តវិញ បន្ទាប់ពីផាកពិន័យតាមរបៀបពុករលួយ
ស្លាក
# ព័ត៌មានសន្តិសុខសង្គម
Share This
About Admin Post
ព័ត៌មានសន្តិសុខសង្គម
Tags
ព័ត៌មានសន្តិសុខសង្គម
Author Details
ផ្ដល់ព័ត៌មានតាមរយៈលេខទូរសព្ទ ឬតេឡេក្រាមលេខ 017 52 99 19 / 097 77 88 019 សូមអរគុណ!