(ភ្នំពេញ) ៖ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៤នេះ បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយលោក ឆ្វេ មូនស៊ូន (Choi Moon Soon) អភិបាលស្រុកហ្វាឆន់ ខេត្តកាំងវ៉ុនដូនៃសាធារណរដ្ឋកូរ៉េ ដើម្បីផ្តល់ឱកាសដល់ពលរដ្ឋកម្ពុជាដែលមានបំណងទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ។ ពិធីចុះហេត្ថលេខានេះ បានធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
ថ្លែងក្នុងជំនួបទ្វេភាគីមុនពិធីចុះហត្ថលេខា លោករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់លោកអភិបាលស្រុកហ្វាឆន់ចំពោះការទទួលយកពលករពីកម្ពុជានាពេលនេះ និងបានស្នើឱ្យពិនិត្យផងដែរលើការទទួលយកពលករជំនាញរបស់កម្ពុជាប្រភេទវីសា(E7)ពីសំណាក់វិស័យឯកជននៅក្នុងស្រុកហ្វាឆន់។
បន្ថែមពីនេះ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក ហេង សួរ បានស្នើឱ្យលោក ឆ្វេ មូនស៊ូន គិតគូនិងមើលថែពីសុខទុក្ខរបស់ពលរដ្ឋខ្មែរដែលនឹងត្រូវធ្វើការនៅក្នុងស្រុកហ្វាឆន់ នៃប្រទេសកូរ៉េខាងមុខក្រោយការចុះអនុស្សរណៈដ៏សំខាន់នាពេលនេះ។
ទន្ទឹមនឹងនោះ លោកអភិបាលស្រុក បានថ្លែងអំណរគុណចំពោះលោករដ្ឋមន្ត្រីសម្រាប់កិច្ចសហការប្រកបដោយទំនុកចិត្តរបស់ក្រសួងនាពេលនេះ ខណៈដែលក្រសួងធ្លាប់មានបទពិសោធន៍គ្រប់គ្រាន់លើការបញ្ជូនពលករទៅបម្រើការងារនៅសាធារណរដ្ឋកូរ៉េក្រោមប្រព័ន្ធអនុញ្ញាតមុខរបរ(EPS)រួមទាំងការចុះអនុស្សរណៈនៃការយោគយល់គ្នាស្តីពីការបញ្ជូនពលកររដូវកាលជាមួយក្រុងនិងស្រុករបស់សាធារណរដ្ឋកូរ៉េជាច្រើនមកហើយ។
សូមបញ្ជាក់ថា រាល់ការបញ្ជូនពលករកម្ពុជាទៅក្រៅប្រទេសទាំងអស់ រួមទាំងកម្មវិធីពលកររដូវកាលទៅសាធារណរដ្ឋកូរ៉េ គឺត្រូវឆ្លងកាត់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីធានាពីប្រសិទ្ធភាព និងការគាំពារសិទ្ធិរបស់ពលករ៕
Saturday, March 16, 2024
ទំព័រដើម
ព័ត៌មានជាតិ
ក្រសួងការងារ និងស្រុកហ្វាឆន់របស់កូរ៉េខាងត្បូង ចុះអនុស្សរណៈនៃការយោគយល់គ្នាពង្រីកកិច្ចសហការលើវិស័យការងារ
ក្រសួងការងារ និងស្រុកហ្វាឆន់របស់កូរ៉េខាងត្បូង ចុះអនុស្សរណៈនៃការយោគយល់គ្នាពង្រីកកិច្ចសហការលើវិស័យការងារ
Author Details
ផ្ដល់ព័ត៌មានតាមរយៈលេខទូរសព្ទ ឬតេឡេក្រាមលេខ 017 52 99 19 / 097 77 88 019 សូមអរគុណ!