ការធ្វើតេស្តរកសារធាតុញៀននេះ ដោយអនុវត្តតាមបទបញ្ជាលេខ ០១បប ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការដាក់ចេញវិធានការម៉ឺងម៉ាត់ក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ នៅតាមក្រសួង ស្ថាប័ន និងរដ្ឋបាលថ្នាក់ក្រោមជាតិ។
លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី ឱ្យដឹងថា ការធ្វើតេស្តរកសាធាតុញៀន លើមន្ត្រីរាជការ និងមន្ត្រីជាប់កិច្ចសន្យានាពេលនេះ ដើម្បីចូលរួមចំណែកធានាប្រសិទ្ធភាព នៃការអនុវត្តយុទ្ធនាការប្រឆាំងគ្រឿងញៀនខុសច្បាប់លើកទី៩ ដែលជាអាទិភាពនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជំនឿទុកចិត្តប្រសិទ្ធភាពការងារ និងអភិបាលកិច្ចល្អនៅក្នុងស្ថាប័ន មន្ទីរ អង្គភាពជុំវិញខេត្ត។
សូមបញ្ជាក់ថា យុទ្ធនាការធ្វើតេស្តរកសារធាតុញៀនក្នុងចំណោមមន្ត្រីរាជការ នាពេលកន្លងមក គឺជាការបន្តឆន្ទៈពីរាជរដ្ឋាភិបាលអាណត្តិមុនក្នុងការប្រយុទ្ធប្រឆាំងគ្រឿងញៀន ដោយរាជរដ្ឋាភិបាលអាណត្តិថ្មីត្រូវធ្វើបន្តកុំឱ្យបញ្ហាគ្រឿងញៀនក្លាយជាជំងឺមហារីកកាន់តែធ្ងន់ទៅៗ នាំឱ្យប៉ះពាល់ដល់ប្រទេសជាតិទាំងមូល នាំទុក្ខដល់ប្រជាជនទូទៅ។
ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក៏បានដាក់ចេញយុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនបន្ថែមទៀតក្នុងអាណត្តិថ្មីនេះ ដោយលោកឧបនាយករដ្ឋមន្ត្រី ស សុខា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃក៏បានដាក់ចេញនូវទិសដៅអាទិភាពចំនួន ៦ ក្នុងនោះបញ្ហាគ្រឿងញៀន គឺជាទិសដៅទី១ ដែលក្រសួងមហាផ្ទៃត្រូវតែគ្រប់គ្រង និងប្រឆាំងចំពោះបញ្ហានេះ៕