(កំពង់ចាម) ៖ មានករណីក្រុមក្មេងទំនើងមួយក្រុម បានប្រើហិង្សាទៅលើក្រុមភាគីម្ខាងទៀត បណ្តាលឱ្យបុរសម្នាក់ដាច់កដៃចេញពីតួខ្លួនធ្លាក់ដល់ដី យ៉ាងឃោឃៅបំផុត និងម្នាក់ទៀតបានរងរបួស។
យោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា នៅវេលាម៉ោង ០៣ ៖ ០០នាទី រំលងអធ្រាត្រ ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចក្រោយសាលាបឋមសិក្សាឧត្តរ ស្ថិតក្នុងភូមិទី១៥ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម កម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម បានទទួលព័ត៌មានថា មានករណីហិង្សាដោយចេតនា មានស្ថានទម្ងន់ទោស ដោយប្រើដាវកើតឡើង បង្ករឡើងដោយជនសង្ស័យមួយក្រុមមិនស្គាល់អត្តសញ្ញាណជិះម៉ូតូ ០១ គ្រឿង មិនស្គាល់ម៉ាក បានធ្វើសកម្មភាពយកដាវ ១ដើម ប្រព្រឹត្តិសកម្មភាពកាប់ទៅលើជនរងគ្រោះចំនួន២នាក់: ឈ្មោះ ក្រិត ភារុន ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិវាលគ្រាល ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម មុខរបរជាងពិដាន បណ្តាលឱ្យដាច់ ក ដៃខាងឆ្វេង និងរយៈកែងដៃឆ្វេង។ និងឈ្មោះ សន គឹមសឿន ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ រស់ភូមិត្រួយចេក ឃុំទ្រាន ស្រុកកំពង់សៀម ខេត្តកំពង់ចាម បណ្តាលឱ្យរងរបួសត្រូវស្មាខាងឆ្វេង។ ក្រោយពីធ្វើសកម្មភាពរួចក្រុមជនសង្ស័យបានគេចខ្លួនបាត់អស់។
ដោយទទួលបានបទបញ្ជាដល់ម៉ឺងម៉ាត់ពីលោក ឧត្តមសេនីយ៍ត្រី សោ សាវឿន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ចាម និងដោយមានការសម្របសម្រួលនីតិវិធីពី លោក វង្ស ប៊ុនវិសុទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាម កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម សហការជាមួយកម្លាំងជំនាញកងរាជអាវុធហត្ថខេត្តកំពង់ចាម ដឹកនាំដោយលោកវរសេនីយ៍ទោ សែម ឃាង ប្រធានមន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស បានធ្វើការស្រាវជ្រាវរកមុខសញ្ញាដែលប្រព្រឹត្តិសកម្មភាពខាងលើ។ លុះដល់វេលាម៉ោង ១០:០០ នាទីព្រឹក ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២៤ នៅចំណុចភូមិបឹងកុកទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម កម្លាំងជំនាញបានធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន២នាក់ ឈ្មោះ ថា រ៉ាវី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរអ្នកបើករថយន្តដឹកត្រី រស់នៅភូមិតាមាង ឃុំកោះរការ ស្រុកកំពង់សៀម ខេត្តកំពង់ចាម និងឈ្មោះ ឡេង យាំងយ៉ាង (ហៅវ៉ាន់ សារិទ្ធ ហៅ តឿ) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិវៀតណាម មុខរបរកម្មកររថយន្តដឹកត្រីស្នាក់នៅភូមិបឹងកុកទី១ សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
ក្រោយពីធ្វើការស្តាប់ចម្លើយរួច ជនសង្ស័យទាំងពីរនាក់ខាងលើបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តសកម្មភាពពិតប្រាកដមែន។
ចំពោះវត្ថុតាង និងមធ្យោបាយ ប្រព្រឹត្តសកម្មភាពរួមមានម៉ូតូម៉ាក C125 ០១គ្រឿង ពណ៌ខ្មៅ សេរីឆ្នាំ២០១២ ពាក់ស្លាកលេខ ព្រៃវែង1F-1205, ដាវចំនួន ១ដើមប្រវែង ០, ៤៩ ម៉ែត្រ, ខ្សែក្រវ៉ាត់ចំនួន ១, ម៉ួកសុវត្ថិភាពបែកចំនួន ១។
បច្ចុប្បន្ន ជនសង្ស័យ និងវត្ថុតាងកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងកំពង់ចាម កំពុងកសាងសុំណុំរឿង បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមនីតិវិធី៕
Thursday, February 8, 2024
សាហាវណាស់! ក្រុមក្មេងទំនើង ទាញដាវកាប់បុរសម្នាក់ដាច់ដៃម្ខាង នៅក្រុងកំពង់ចាម
Author Details
ផ្ដល់ព័ត៌មានតាមរយៈលេខទូរសព្ទ ឬតេឡេក្រាមលេខ 017 52 99 19 / 097 77 88 019 សូមអរគុណ!