លោក ដ.ស.ណ បានសារភាពថា ខ្លួនពិតជាបានផ្សព្វផ្សាយរូបភាពវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ០៦ វិច្ឆិកា ២០២៣ លើទំព័រហ្វេសប៊ុកឈ្មោះ “វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ” ពិតមែន ហើយរាល់ឯកសារដែលបានយកផ្សព្វផ្សាយនោះខ្លួន ទទួលបានពីប្រភពមិនច្បាស់ដែលបានចែកចាយលើប្រព័ន្ធបណ្តាញទំនាក់ទំនងសង្គម។ នេះបើតាមការផ្ដល់ព័ត៌មាន ពី អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ នៅរសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះ។
ដោយទទួលបានសំណើសុំពី ក្រសួងអប់រំ យុវជន និងកីឡា និងគោលការណ៍ពីថ្នាក់ដឹកនាំ ក្រសួងមហាផ្ទៃ និងដោយមានការអនុញ្ញាតពី ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ បានធ្វើការស្រាវជ្រាវស៊ើបអង្កេត និងស្វែងរកអត្តសញ្ញាណម្ចាស់គណនីហ្វេសប៊ុក ដែលបានផ្សព្វផ្សាយព័ត៌មានធ្វើឱ្យប៉ះពាល់ដល់ ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំ២០២៣ រហូតឈានដល់កោះហៅបុគ្គលឈ្មោះ ដ.ស.ណ ភេទប្រុស ជាម្ចាស់ទំព័រហ្វេសប៊ុកឈ្មោះ “វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ” ឱ្យចូលខ្លួនមកបំភ្លឺ នាថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។
ឈ្មោះ ដ.ស.ណ បានសារភាពបន្ថែមថា រាល់ការបង្ហោះឯកសារពាក់ព័ន្ធខាងលើ ខ្លួនមានចេតនាប្រើប្រាស់ទាញយកប្រជាប្រិយភាពមកលើទំព័រហ្វេសប៊ុក “វិញ្ញាសាត្រៀមប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ” របស់ខ្លួន ឱ្យសាធារណជនកាន់តែមានការចាប់អារម្មណ៍ច្រើនឡើង ទុកសម្រាប់ប្រើប្រាស់បង្កើនចំណូលតាមរយៈការធ្វើអាជីវកម្មលក់សៀវភៅ និងកំណែវិញ្ញាមុខវិជ្ជាសិក្សាផ្សេងៗដែលខ្លួនដាក់លក់លើទំព័រហ្វេសប៊ុកខាងលើនេះ។ ក្រោយពីបានសាកសួរបំភ្លឺ ឈ្មោះ ដ.ស.ណ បានទទួលស្គាល់នូវកំហុស ធ្វើកិច្ចសន្យាជាលាយលក្ខណ៍អក្សរ និងបានថតវីដេអូឃ្លិបសុំទោស ក្រសួងអប់រំ យុវជន និងកីឡា នៅចំពោះមន្ត្រីនគរបាលយុត្តិធម៌ចំពោះកំហុសដែលខ្លួនបានប្រព្រឹត្តកន្លងមក។
ក្នុងន័យនេះ អគ្គនាយកដ្ឋានបច្ចេកវិទ្យាឌីជីថល និងផ្សព្វផ្សាយអប់រំ សូមធ្វើការក្រើនរំលឹកដល់សាធារណជនទូទៅ មេត្តាប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយប្រកបដោយទំនួលខុសត្រូវខ្ពស់ ដោយមិនត្រូវចែករំលែកនូវឯកសារ ព័ត៌មាន រូបភាព វីដេអូ ដែលគ្មានប្រភពច្បាស់លាស់ និងកុំប្រើប្រាស់និមិត្តសញ្ញា (logo) របស់ អង្គភាពរដ្ឋាភិបាលដោយគ្មានការអនុញ្ញាត៕
Thursday, February 15, 2024
ទំព័រដើម
សន្តិសុខសង្គម
ម្ចាស់ទំព័រហ្វេសប៊ុក ផ្សព្វផ្សាយរូបភាពវិញ្ញាសាបាក់ឌុប ចូលខ្លួនសុំទោសក្រសួងអប់រំ
ម្ចាស់ទំព័រហ្វេសប៊ុក ផ្សព្វផ្សាយរូបភាពវិញ្ញាសាបាក់ឌុប ចូលខ្លួនសុំទោសក្រសួងអប់រំ
Author Details
ផ្ដល់ព័ត៌មានតាមរយៈលេខទូរសព្ទ ឬតេឡេក្រាមលេខ 017 52 99 19 / 097 77 88 019 សូមអរគុណ!