(ពោធិ៍សាត់) ៖ ជនសង្ស័យចំនួន០៣នាក់ ត្រូវសមត្ថកិច្ចនគរបាល នៃអធិការដ្ឋាននគរបាលស្រុកបាកាន ចាប់ឃាត់ខ្លួនពាក់ព័ន្ធករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួនពីរករណី នៅយប់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៤ ។
យោងតាមរបាយការណ៍របស់ លោកវរសេនីយ៍ឯក នាង វុធ អធិការ នៃអធិការដ្ឋាននគរបាលស្រុកបាកាន បានប្រាប់ឲ្យដឹងថា ដោយអនុវត្តយ៉ាងម៉ឹងម៉ាត់ នូវប្រសាសន៍ចង្អុលការរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត ក្នុងការ បង្ការ ទប់ស្កាត់ បង្ក្រាបបទល្មើស គ្រប់ប្រភេទ នៅតាមមូលដ្ឋាន កម្លាំងនគរបាលរបស់អធិការដ្ឋាននគរបាលស្រុកបាកាន បានចេញប្រតិបត្តិបង្ការ ករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ចំនួន០២ករណី ។ករណីទី១នៅវេលាម៉ោង ២២និង១០នាទី កម្លាំងប៉ុស្តិ៍ត្រពាំងជងបានចុះបង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើផ្លូវក្រាលគ្រួសក្រហម ស្ថិតនៅភូមិកោះស្វាយ ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាលទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន ០១នាក់ឈ្មោះ ទេព សំអុល ហៅថែម ភេទប្រុសអាយុ ៣៧ ឆ្នាំរស់នៅភូមិកោះស្វាយ ឃុំត្រពាំងជង និងវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់ទម្ងន់ ០.៩០ក្រាម ថ្លឹងសាច់ថ្នាំសុទ្ធ ។
ករណីទី២ នៅវេលាម៉ោង ២៣និង៣០ នាទី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលមេទឹកចំនួន៣នាក់ បានចុះបង្ក្រាបករណីរក្សាទុក និង ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចលើផ្លូវក្រាលគ្រួសក្រហម ស្ថិតនៅភូមិប៉ោឡោ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ជាលទ្ធផលឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ទី១ ឈ្មោះ ទឹម តាន ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិអង្កាញ់ ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ទី២ឈ្មោះ ទូច ថុនា ភេទប្រុស អាយុ២៤ឆ្នាំ រស់នៅភូមិក្តាត ឃុំមេទឹក ស្រុកបាកាន ខេត្តពោធិ៍សាត់ ព្រមទាំងដកហូតវត្ថុតាងរួមមាន ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសារធាតុញៀនចំនួន ០១កញ្ចប់ បារីចំនួន១កញ្ចប់ ដែកកេសចំនួន១ ទូរស័ព្ទដៃចំនួន០២គ្រឿង ម៉ូតូម៉កាកហុងដាឌ្រីម ពណ៌ខ្មៅ សេរីឆ្នាំ២០២១ ពាក់ស្លាកលេខ ពោធិ៍សាត់ 1B-0715 ចំនួន១គ្រឿង ។
លោកអធិការបានបន្តថា បច្ចុប្បន្ន ជនសង្ស័យទាំងបី រួមនិង វត្ថុតាងខាងលើសមត្ថកិច្ចបានយកមកអធិការដ្ឋាននគរបាលស្រុកបាកាន ដើម្បីបំពេញបែបបទ ចាត់ការតាមនីតិវិធី ៕