ស្រូវប្រាំងជាង ៤០០០ហិកតា ក្នុងស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច នៃខេត្តកំពត ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីខ្វះទឹកស្រោចស្រព - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Monday, February 5, 2024

ស្រូវប្រាំងជាង ៤០០០ហិកតា ក្នុងស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច នៃខេត្តកំពត ត្រូវបានជួយសង្គ្រោះ បន្ទាប់ពីខ្វះទឹកស្រោចស្រព

(កំពត) ៖ ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពត លោក ចាន់ វណ្ណា បានឱ្យដឹងថា បច្ចុប្បន្ន អាជ្ញាធរខេត្ត មន្ទីរជំនាញពាក់ព័ន្ធ នៅតែបន្តចុះអន្តរាគមន៍ស្តារប្រឡាយទឹកធំៗ ដើម្បីបូបទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ពលរដ្ឋ ក្នុងស្រុកចំនួនពីរ គឺស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាច ដែលជាស្រុកមានពលរដ្ឋបង្កបង្កើនផលស្រូវប្រាំងច្រើនជាងគេ។ គិតមកដល់ថ្ងៃទី៥ ខែកុម្ភៈ ស្រូវប្រាំងជាង ៤ពាន់ហិកតា ត្រូវបានជួយសង្គ្រោះ។

លោក ចាន់ វណ្ណា បានឱ្យដឹងថា អាជ្ញាធរពាក់ព័ន្ធនៅតែបន្តសហការគ្នាជាមួយអាជ្ញាធរ ចុះទៅជួយអន្តរាគមន៍បូមទឹកជូនប្រជាពលរដ្ឋនៅតាមតំបន់ងាយរងគ្រោះតាមបណ្តាស្រុកមួយចំនួនទទួលរងការខ្វះខាតទឹក។ ការចុះអន្តរាគមន៍នេះចាប់តាំងពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២៤។ ការចុះអន្តរាគមន៍នេះ មន្ទីរបានធ្វើការស្តារប្រឡាយធំៗមួយចំនួន ដូចជា ប្រឡាយបឹងស្លែង ប្រឡាយស្បូវអណ្តែត និងប្រឡាយចុងសួង ដើម្បីអាចនាំទឹកពីស្ទឹងទូកមាស និងព្រែកតន់ហន់ ចូលទៅកាន់ប្រឡាយនានា ដើម្បីផ្តល់លទ្ធភាពដល់ពលរដ្ឋបានទឹកបូមបញ្ជូលស្រែរបស់ខ្លួន។

លោកប្រធានមន្ទីរ បានបន្ថែមថា ការស្តារប្រឡាយធំៗខាងលើនេះ អាចនាំទឹកទៅជួយស្រោចស្រពស្រែប្រាំងរបស់ពលរដ្ឋក្នុងឃុំភ្នំប្រាសាទ និងឃុំស្តេចគង់ខាងជើង ស្រុកបន្ទាយមាស និងស្រុកកំពង់ត្រាចផងដែរ។ ជាលទ្ធផលគិតត្រឹមថ្ងៃទី៤ ខែកម្ភៈ ឆ្នាំ២០២៤ ការបូមទឹកជួយសង្គ្រោះស្រូវប្រាំងរបស់ពលរដ្ឋសម្រេចបានប្រមាណ ៤, ៥៣០ហិកតា នៅក្នុងស្រុកដែលប្រឈមទាំងពីរ។ ការខ្វះខាតទឹកដើម្បីស្រោចស្រពដំណាំស្រូវប្រាំងរបស់ពលរដ្ឋនាពេលនេះ ដោយសារកត្តាអាកាសធាតុប្រែប្រួល រដូវប្រាំងបានអូសបន្លាយយូរ កំដៅមានការកើនឡើងខ្លាំង ព្រមទាំងពុំមានភ្លៀងកក់ខែ ដែលកត្តាទាំងនេះបានធ្វើឱ្យប៉ះពាល់ដល់ការបង្កបង្កើនផលស្រូវប្រាំងរបស់ពលរដ្ឋ នៅក្នុងស្រុកចំនួន៣ នៃខេត្តកំពត មានស្រុកកំពង់ត្រាច ស្រុកបន្ទាយមាស និងស្រុកអង្គរជ័យ។

ទន្ទឹមនឹងនោះដែរ លោកប្រធានមន្ទីរបានឱ្យដឹងបន្ថែមដែរថា មន្ទីជំនាញពាក់ព័ន្ទ រួមនឹងអាជ្ញាធរ នៅតែបន្តដាមដានដោយយកចិត្តទុកដាក់ចំពោះការបង្កបង្កើនផលស្រូវប្រាំងរបស់ពលរដ្ឋ ហើយនៅរង់ចាំជួយជានិច្ចប្រសិនបើមានបញ្ហាណាមួយបង្កឱ្យប៉ះពាល់ដល់ផលដំណាំស្រូវប្រាំងរបស់ប្រជាពលរដ្ឋ៕






















Post Bottom Ad

Ads Sidebar

Pages