(ស្វាយរៀង) ៖ ក្រុមឧក្រិដ្ឋជនជនជាតិវៀតណាមចំនួន ២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលខេត្តស្វាយរៀងសហការជាមួយជំនាញក្រុងបាវិតឃាត់ខ្លួនពីបទជួញដូរ រក្សាទុកកែឆ្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅក្រុងបាវិត។ នេះបើយោងតាមការឱ្យដឹងសមត្ថកិច្ចជំនាញ នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤។
សមត្ថកិច្ចជំនាញ បានបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២៤ នៅវេលាម៉ោង ១៥:៤៥នាទី កម្លាំងជំនាញផែននគរបាលប្រឆាំងគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងបាវិត បានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុកកែឆ្នៃ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចបុរីCKស្ថិតក្នុងភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។ ជាលទ្ធផលក្នុងការបង្ក្រាបនេះសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ (ជនជាតិវៀតណាម) ទី១. ឈ្មោះ វ៉ូ ទន់ណាម ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលបុរីCK, ២.ឈ្មោះ ង្វៀង ទន់ហៀប ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួលបុរីCK។ចំពោះវត្ថុតាងដែលដកហូតបានក្នុងការបង្ក្រាប រួមមាន ដុំម្សៅក្រាមពណ៌ស ជាថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន៤កញ្ចប់ ទម្ងន់ ២៥០០,៥៦ក្រាម(២គីឡូក្រាម និង៥៦ក្រាម), សារធាតុគីមីផ្សំចំនួន២កញ្ចប់ ទម្ងន់ ១៤៥៧,៣៦ក្រាម, អាសុីត ៩ដប, ម្សៅស្ងួតម៉ត់ ១គីឡូក្រាម, ក្រាមសូដ្យូម ១កញ្ចប់ធំ, ថ្នាំដបម៉ាក Makun ៤ដប, ឆ្នាំងចំហុយ សម្ងួតចំនួន៣, បំពង់កែវជក់ ៥, ទូរសព្ទ័ដៃ ៣គ្រឿង, លិខិតឆ្លងដែន ៤ក្បាល, អត្ត/ប័ណ្ណវៀតណាម ៤សន្លឹកព្រមទាំងឧបករណ៍ សម្ភារមួយចំនួនទៀត។
បច្ចុប្បន្ន ជនសង្ស័យរួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់សាលាដំបូងខេត្តស្វាយរៀង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕