(កំពង់ស្ពឺ) ៖ ខឹងប្រពន្ធមិននៅផ្ទះ បុរសជាប្តីដុតផ្ទះខ្លួនឯងបណ្តាលឱ្យឆេះអស់គ្មានសល់ បើទោះជាមានកិច្ចអន្តរាគមន៍ពីសមត្ថកិច្ចក៏ដោយ ។
ក្រោយកើតហេតុ សមត្ថកិច្ចបានឃាត់ខ្លួនបុរសជាប្តីចិត្តភ្លើងខាងលើ កសាងសំណុំរឿងចាត់ការបន្តតាមច្បាប់ ។ការឃាត់ខ្លួនបុរសជាប្តីចិត្តភ្លើងដុតផ្ទះខ្លួនឯងចោលនេះ កាលពីវេលាម៉ោង ០៨ ៖ ១០ នាទីព្រឹក ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចភូមិព្រៃឈើទាល ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។
មន្ត្រីនគរបាលស្រុកបសេដ្ឋ បានឱ្យដឹងថា បុរសជាប្តីចិត្តភ្លើងដែលនគរបាលឃាត់ខ្លួនមានឈ្មោះ ខន មិថុនា អាយុ ៣៦ ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុខាងលើ បានធ្វើសកម្មភាពដុតផ្លះខ្លួនឯង ដែលមានទំហំ ០៤ ម៉ែត្រ គុណនឹង ០៦ ម៉ែត្រ ដំបូលប្រក់ស័ង្កសី ជញ្ជាំងបាំងស្លឹកត្នោត បណ្ដាលឱ្យឆេះខូចខាតទាំងស្រុងរួមទាំងសម្ភារៈនៅក្នុងផ្ទះមានដូចជា៖
-គ្រែប្រអប់ចំនួន ០១
-ទូរទស្សន៍ចំនួន ០២ គ្រឿង
-កង្ហារចំនួន ០២
-ព្រមទាំងសម្ភារៈក្នុងផ្ទះមួយចំនួនទៀត ។
មន្ត្រីនគរបាលស្រុកបសេដ្ឋ បានបញ្ជាក់បន្ថែមទៀតថា មូលហេតុដែលធ្វើឱ្យបុរសជាប្តីដាច់ចិត្តដុតផ្ទះចោលនោះ គឺដោយសារតែតូចចិត្ត និងខឹងប្រពន្ធខ្លួនឈ្មោះ យ៉ាង ធីតា អាយុ ៣៣ ឆ្នាំ មិននៅផ្ទះ ទើបដុតផ្ទះតែម្តង ។
នគរបាលស្រុកដដែល បញ្ជាក់ថា នៅក្នុងហេតុការណ៍ខាងលើ សមត្ថកិច្ចទទួលបានព័ត៌មានរាយការណ៍ ពីប្រជាពលរដ្ឋរស់នៅក្បែរនោះយឺតពេល ទើបបណ្ដាលឱ្យសង្រ្គោះពន្លត់ករណីដុតផ្ទះពុំទាន់ ។
ករណីខាងលើនេះ សមត្ថកិច្ចស្រុកបសេដ្ឋបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ខន មិថុនា យកទៅសួរនាំនៅអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមច្បាប់ ៕