(បាត់ដំបង) ៖ នៅថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៣ សាខាកាកបាទក្រហមកម្ពុជាដែលមានឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខាបានចាត់អោយតំណាងសាខាដឹកនាំដោយឯកឧត្តម ងី សែត អនុប្រធានគណៈ កម្មាធិការ សាខា និងសហការី បានចុះសួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូន លោក ភន ភេទ ភេទប្រុស អាយុ២៨ ឆ្នាំ រស់នៅក្រុមទី៤ ភូមិស្វាយជ្រុំ ឃុំកំពង់ល្ពៅ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលរងគ្រោះថ្នាក់ផ្ទុះគ្រាប់មីនតោន (បន្សល់ពីសម័យសង្គ្រាម) ខណៈពេលកំពុងកាប់ដីធ្វើចំការដំឡូងកាលពីវេលាម៉ោង ៩ៈ២០នាទីព្រឹក ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣ នៅចំណុចក្រុមទី៤ ស្ថិតក្នុងភូមិកញ្ចាំង ឃុំស៊ុង ស្រុកសំឡូត ខេត្តបាត់ដំបង បច្ចុប្បន្នកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង ។
ក្នុងឱកាសនោះ ឯកឧត្តម ងី សែត បានពាំនាំនូវការចូលរួមសោកស្តាយពីសំណាក់ ឯកឧត្តម សុខ លូ ប្រធានគណៈកម្មាធិការសាខា ជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ជាមួយគ្រួសាររងគ្រោះ ដោយមិនប្រកាន់ពីវណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយអ្វីឡើយ ពោល «ទីណាមានការលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា» និងចូលរួមសោកស្តាយចំពោះឧបទ្ទវហេតុដែលបានកើតឡើងចំពោះអ្នករងគ្រោះហើយឯកឧត្តម ក៏បានផ្តាំផ្ញើឱ្យក្រុមគ្រួសារយកចិត្តទុកដាក់ថែទាំអ្នករបួសឱ្យបានល្អ អនុវត្តតាមការណែនាំរបស់គ្រូពេទ្យ និងជូនពរឆាប់បានជាសះស្បើយឡើងវិញ។
លោកស្រី សុខ សុខា ត្រូវជាភរិយារបស់ជនរងគ្រោះមានក្តីរំភើប និងត្រេកអរយ៉ាងខ្លាំង ដោយបាន ឯកឧត្តម សុខ លូ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាខេត្តជាពិសេសសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជួយឧបត្ថម្ភថវិកា សម្ភារៈដើម្បីសម្រាលការលំបាកដល់គ្រួសាររបស់លោកស្រី។
ក្រុមគ្រួសាររបស់ជនរងគ្រោះ សូមថ្លែងអំណរគុណ និងបួងសួងដល់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចតេជោអតីតនាយករដ្ឋមន្ត្រី និងក្រុមគ្រួសារ ព្រមទាំងសហការីនៃកាកបាទក្រហមកម្ពុជាទាំងអស់ មានសុខភាពល្អប្រពៃ មានអាយុយឺនយូរ មានបុណ្យបារមីគ្រប់ទិសទីតាមជួយបីបាច់ថែរក្សាគ្រប់ពេលវេលា ដើម្បីជាម្លប់ដ៏កក់ក្តៅដល់ប្រជាពលរដ្ឋទាំងអស់។
សម្ភារៈដែលសាខាកាកបាទក្រហមបានឧបត្ថម្ភដល់ក្នុងមួយគ្រួសារទទួលបាន ៖អង្ករ ១០០ គីឡូក្រាម,មី ២ កេស ត្រីខ ២ យួរ,ទឹកត្រី ២ យួរ ទឹកស៊ីអ៊ីវ ២ យួរ ទឹកដោះគោឆៅ ២ យួរ ឃីត (មុង,ភួយ,សារុង,ក្រមា) ១ ទឹកសុទ្ធវីឃែរ ៥ កេស និងថវិកា ១ លាន ផងដែរ៕