(បាត់ដំបង) ៖ នៅព្រឹកថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ តាមយោបល់ដឹកនាំជាប្រចាំរបស់លោកឧត្តមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ចាន់ សុធី នាយការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាន បានដឹកនាំកម្លាំងធ្វើការឃាត់រថយន្តជាច្រើនគ្រឿង ដែលកំពុងធ្វើចរាចរណ៍ ក្នុងក្រុងបាត់ដំបង ដោយការដឹកទំនិញសំពីងសំពោង បង្កឱ្យមានការរិះគន់ពីមហាជននៅក្នុងក្រុងបាត់ដំបង ។
នៅពេលនេះ រថយន្ត និងម្ចាស់ ត្រូវបាននាំយកមកកាន់ស្នងការដ្ឋាន ដើម្បីសាកសួរធ្វើកិច្ចសន្យាជាលាយល័ក្ខអក្សរ និងធ្វើការផាកពិន័យតាមផ្លូវច្បាប់ ហើយឱ្យរុះរើទំនិញសំពីងសំពោងនេះចេញ មុនពេលអនុញ្ញាតឱ្យត្រឡប់ទៅវិញ ហើយក្នុងករណីម្ចាស់រថយន្តនេះនៅតែប្រព្រឹត្តិល្មើសជាថ្មីទៀតនោះ សមត្ថកិច្ចនឹងធ្វើការផាកពិន័យទ្វេរដង ស្របតាមច្បាប់ ។សូមជម្រាបជូនថា ការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក គឺមន្រ្តីនគរបាលចរាចរណ៍បានយកចិត្តទុកដាក់ អនុវត្តជាប់ជាប្រចាំតែយូរៗម្តងករណីល្មើសច្បាប់ដែលបង្កដោយអ្នកបើកបររថយន្តដឹកទំនិញសំពីងសំពោងនេះតែងឆ្លៀតប្រព្រឹត្តិល្មើស ដែលមួយចំនួនបានចូលមកឬឆ្លងកាត់ក្រុងបាត់ដំបងនៅពេលយប់ ឬពេលទៀបភ្លឺ ដែលជាពេលវេលាមិនមានការត្រួតពិនិត្យ ហើយភ្លឺឡើងក៏ត្រូវបានមហាជនប្រទះឃើញរថយន្តទាំងនេះ មានវត្តមាននៅក្នុងមូលដ្ឋាន ដែលពេលខ្លះក៏មហាជនបានរាយការណ៍ផ្តល់ព័ត៌មានមកសមត្ថកិច្ចនគរបាលដើម្បីចាត់វិធានការលើរថយន្តនេះ ហើយរូបភាពខ្លះក៏ត្រូវបានផ្សព្វផ្សាយដោយអ្នកប្រើប្រាស់បណ្តាញសង្គម បង្កឱ្យមានចំណាត់ការពីសមត្ថកិច្ចចំពោះរថយន្តល្មើសច្បាប់ទាំងនោះ ៕