(ភ្នំពេញ) ៖ យ៉ាងហោចណាស់ជនជាតិចិនប្រមាណ ១០ នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះចាប់វាយខ្នោះ និងឃាត់ខ្លួន បន្ទាប់ពីប្រើអំពើហិង្សាទៅលើបុរសចិនម្នាក់ទៀត រួមទាំងវាយកម្ទេចរថយន្ត ០១ គ្រឿង ឱ្យខូចខាត កាលពីវេលាម៉ោង ១១ យប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២៣ ស្ថិតនៅលើកំណាត់មហាវិថីព្រះមុនីវង្ស ទល់មុខធនាគារវីង ក្នុងសង្កាត់បឹងកេងកង២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលឃើញហេតុការណ៍ បានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសជនជាតិចិន ០១ ក្រុម មិនដឹងថាមកពីណានោះទេ ដោយពួកគេបានស្ទាក់ឃាត់រថយន្ត ០១ គ្រឿង ម៉ាក KIA ពណ៌ស ដែលមានផ្លាកលេខ ភ្នំពេញ 2BI-7628 កំពុងតែបើកបរតាមបណ្តោយវិថីព្រះមុនីវង្ស ទិសដៅពីត្បូងទៅជើង ។ ជនបង្ក ០១ ក្រុមនោះ បានលោតធាក់កញ្ចក់ខាងមុខរថយន្ត ខ្លះទៀតប្រើដុំឥដ្ឋការ៉ូឡា និងកាំបិតបុ័ងតោ រួមទាំងអាវុធផ្សេងៗទៀតវាយកម្ទេចរថយន្ត ០១ គ្រឿងនោះ ដែលមានបុរសចិនម្នាក់នៅក្នុងនោះ ។បន្ទាប់ពីវាយកម្ទេចរថយន្តរួច ក្រុមជនបង្កខាងលើបានព្យាយាមប្រើហិង្សាទៅលើម្ចាស់រថយន្ត ប្រៀបដូចជាក្រុមចាប់ជំរិត ដោយប្រើកាំបិតកាប់ចំដើមដៃជនរងគ្រោះ ព្រមទាំងព្រួតវាយរហូតរងរបួសធ្ងន់ ។ ឃើញដូចនេះ ប្រជាពលរដ្ឋបាននាំគ្នារាយការណ៍ទៅកាន់សមត្ថកិច្ចភ្លាមៗ បន្ទាប់ពីទទួលដំណឹងនេះ សមត្ថកិច្ចចម្រុះខណ្ឌបឹងកេងកង បានចុះមកកាន់ទីតាំងកើតហេតុ ឃាត់ខ្លួនក្រុមជនបង្កប្រមាណ ១០ នាក់ ។ ចំណែកជនរងគ្រោះត្រូវបានក្រុមសង្គ្រោះបឋម (លាងរបួស) ព្រមទាំងហៅរថយន្តសាមុយ បញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
សូមបញ្ជាក់ថា នៅក្បែរទីតាំងកើតហេតុ សមត្ថិច្ចរកឃើញមានកាំបិតបុ័ងតោ ០១ ដើម ដុំឥដ្ឋការ៉ូឡាជាច្រើនដុំ ដែលក្រុមជនបង្កប្រើប្រាស់ពេលបង្កហិង្សាលើជនរងគ្រោះ ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំខ្លួនក្រុមជនដៃដល់ទាំងនោះទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលស្វាយព្រៃ១ ដើម្បីធ្វើការសាកសួរបឋម ។ បន្ទាប់មកសមត្ថកិច្ចបានចុះទៅកាន់ទីតាំងកើតហេតុម្តងទៀត ដើម្បីដកហូតរថយន្តដែលជាប់ពាក់ព័ន្ធករណីខាងលើ យកទៅរក្សាទុកនៅការិយាល័យព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៕