រកឃើញបង្គាស្រស់ជិត ៧០គីឡូក្រាម មានចាក់ចាហួយនៅផ្សារកណ្តាល - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Saturday, November 25, 2023

រកឃើញបង្គាស្រស់ជិត ៧០គីឡូក្រាម មានចាក់ចាហួយនៅផ្សារកណ្តាល

(ភ្នំពេញ) ៖ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) សហការជាមួយសាខា ក.ប.ប. រាជធានីភ្នំពេញ មន្ទីរពាណិជ្ជកម្មរាជធានីភ្នំពេញ និងគណៈកម្មាធិការផ្សារអូរឡាំពិក ផ្សារអូរឫស្សី និងផ្សារកណ្តាល បាននាំយករថយន្តពិសោធន៍ចល័តផ្នែកម្ហូបអាហារ ចុះត្រួតពិនិត្យ និងយកសំណាកគំរូទំនិញម្ហូបអាហារ ចំនួន ៦៦ មុខ រួមមាន បន្លែ គ្រឿងសមុទ្រ ត្រីងៀត ផ្លែឈើ និងសរសៃគុយទាវជាដើម ដើម្បីវិភាគរកសារធាតុគីមីហាមឃាត់ និងសំណល់ថ្នាំកសិកម្ម ដែលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់វិភាគនៅនឹងកន្លែងជាក់ស្តែងក្នុងរថយន្តពិសោធន៍ ។

ក្នុងសកម្មភាពថ្ងៃទី២៤ ខែវិច្ឆិកានេះ ជាលទ្ធផលពុំបានរកឃើញវត្តមានសារធាតុគីមីហាមឃាត់លើសំណាកគំរូទាំងនោះទេ ប៉ុន្តែបាន​រកឃើញបង្គាមានចាក់ចាហ៊ួយចំនួន ៦៧,៥ គីឡូក្រាម នៅផ្សារកណ្តាល ដោយបានធ្វើកិច្ចសន្យា និងដកហូតទំនិញខាងលើ យកទៅបំផ្លាញចោលតាមនីតិវិធី ។

ក្នុងពេលចុះត្រួតពិនិត្យនេះដែរ មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. ក៏បានពន្យល់ណែនាំអ្នកប្រកបអាជីវកម្មក្នុងផ្សារទាំង ០៣ ខាងលើ ដែលតាំងលក់ផលិតផលគីមីបានយល់ផងដែរពីខ្លឹមសារប្រកាសស្តីពីលក្ខខណ្ឌតម្រូវ នៃការដាក់ស្លាកសញ្ញាសម្រាប់ផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន លេខ ១៩២ ព.ណ.អ.កបប ចុះថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២២ របស់ក្រសួងពាណិជ្ជកម្ម ក្នុងគោលបំណងអប់រំ និងបញ្រ្ជាបការ​យល់ដឹង ដើម្បីធានាបាននូវការការពារសុខុមាលភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ ។

សូមបញ្ជាក់ថា ផលិតផលគីមីប្រើប្រាស់តាមគេហដ្ឋាន សំដៅដល់សារធាតុគីមី ឬផលិតផលគីមីដែលមានលក្ខណៈជាផលិតផលសម្រេច ដែលអាចបង្កគ្រោះថ្នាក់ដល់សុខភាព ហើយត្រូវបានប្រើប្រាស់ជាសារធាតុជំនួសសម្រាប់គោលបំណងផ្សេងៗនៃជីវភាពរស់នៅធម្មតា មានដូចជា ការប្រើប្រាស់នៅតាមផ្ទះ រោងជាងប្រើប្រាស់ក្នុងសួន ឬកន្លែងផ្តល់សេវាសាធារណៈផ្សេងៗទៀត ។ លើសពីនេះទៅទៀត មន្ត្រីជំនាញក៏បានពន្យល់ អប់រំ ណែនាំ ដល់ក្រុមអាជីវករ អ្នកចែកចាយ លក់ដុំ លក់រាយ ត្រូវមានឯកសារពាក់ព័ន្ធច្បាស់លាស់ជាមុនសិន មុននឹងទទួលទិញយកមកលក់បន្ត ហើយកុំលាយបន្ថែមនូវសារធាតុគីមីហាមឃាត់ណាមួយ ដែលមិនមានបទប្បញ្ញត្តិបច្ចេកទេស​ទៅលើ​ផលិតផលម្ហូបអាហារ ដែលនាំឱ្យប៉ះពាល់ដល់សុខភាព សុវត្ថិភាពអ្នកប្រើប្រាស់ និងបានបន្តណែនាំដល់ អាជីវករទាំងអស់ ឱ្យដាក់តាំងលក់ ផលិតផលទំនិញឱ្យត្រូវតាមលក្ខណៈ បច្ចេកទេស ដោយញែកដាច់ចេញពីគ្នា រវាងផលិតផលប្រើប្រាស់ដែលជាសារធាតុគីមី និងទំនិញម្ហូប​អាហារ និងការពិនិត្យមើលផលិតផលហួសកាលបរិច្ឆេទជាដើម ។

សូមជម្រាបជូនថា សុវត្ថិភាពម្ហូបអាហារ ជាកិច្ចការអត្ថិភាពរបស់រាជរដ្ឋភិបាលកម្ពុជានាពេលបច្ចុប្បន្ន ហេតុនេះ ដើម្បីការពារផលប្រយោជន៍​អ្នកប្រើ​ប្រាស់ ក៏ដូចជាការការពារសុខុមាលភាពប្រជាពលរដ្ឋ លោកស្រី ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានផ្តោតការយកចិត្តទុក​ដាក់ខ្ពស់ បានណែនាំជាប្រចាំ និងចង្អុលបង្ហាញដល់ លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយក​ដ្ឋាន ក.ប.ប. ដែលជាសេនាធិការ ពង្រឹងឱ្យខានតែបាននូវការត្រួតពិនិត្យជាប្រចាំ និងនៅទូទាំងប្រទេស ដើម្បីធានាបាននូវទំនិញម្ហូប​អាហារប្រកបដោយគុណភាព និងមានសុវត្ថិភាពខ្ពស់ និងបន្តអប់រំឱ្យប្រតិបត្តិករអាជីវកម្មម្ហូបអាហារ ប្រកបអាជីវកម្មរបស់ខ្លួនដោយសុចរិត និងស្វែងយល់ពីអំពើល្មើសពាក់ព័ន្ធនឹងការប្រកបអាជីវកម្មដែលបង្កឱ្យមានហានិភ័យដល់សុខភាពប្រជាពលរដ្ឋ ក្នុងការប្រើប្រាស់សារធាតុ​គីមី​ហាមឃាត់ ឬការប្រើប្រាស់លើសកម្រិតជាដើម ។

នៅថ្ងៃរៀបចំអបអរសាទរ ព្រះរាជពិធីបុណ្យអុំទូក នឹងឈានមកដល់នាពេលខាងមុខនេះ មន្ត្រីជំនាញ ក.ប.ប.នឹងបង្កើន​ការចុះឃ្លាំពិនិត្យមើលតាមផ្សារគោលដៅ និងទៅតាមស្តង់តាំងលក់ផលិតផល ចាប់ពីថ្ងៃទី២៦ ដល់២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ នេះផងដែរ ៕











Post Bottom Ad

Ads Sidebar

Pages