(ភ្នំពេញ) ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានឲ្យអាជ្ញាធរធ្វើការព្រមមានកន្លែងបើកអាជីវកម្ម ផឹកស៊ីច្រៀងលេងកម្សាន្ត ពេលយប់ហើយធ្វើការរំខានដល់អ្នកជិតខាង អាចនឹងដកអាជ្ញាបណ្ណ បើមិនស្តាប់ ។
ការព្រមមានរបស់សម្តេចធិបតីនេះ ខណៈសម្តេចបានអញ្ជើញជួបសំណេះសំណាលជាមួយកម្មករ និយោជិត ២ពាន់នាក់ នៅតាមបណ្តារោងចក្រ សហគ្រាស ដែលមានមូលដ្ឋានក្នុងខណ្ឌកំបូល រាជធានីភ្នំពេញ នាថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ បានធ្វើការណែនាំថា បើបើកហាងផឹកស៊ី កន្លែងសប្បាយ ដែលមានភ្លេងតន្ត្រី ត្រូវចេះគោរពគ្នាទៅវិញ ទៅមក ជាមួយអ្នកជិតខាង ឬអ្នកជួបជុំសប្បាយ មានឧបករណ៍ចាក់តន្ត្រីលឺៗ ត្រឹមម៉ោង៩ទៅ១០យប់ ត្រូវកាត់បន្ថយសំឡេងតន្ត្រី ធុងបាស ។
សម្តេចធិបតី នាយករដ្ឋមន្ត្រី បានលើកឡើងថា ៖ “ល្ងាចមិញ ខ្ញុំឲ្យអាជ្ញាធរខណ្ឌទួលគោក ទៅមើលកន្លែងមួយ បងប្អូនគាត់បើកតន្ត្រីអីមួយ តែយប់ជ្រៅពេក គាត់នៅតែក្តុងក្ដាំងចឹងទៅ អ្នកជិតខាង អត់បានសម្រាក ខ្ញុំបានសួរទៅ ថាបានឲ្យសន្យាពីរដងហើយ តែមិនព្រម។ ខ្ញុំថា ឥឡូវបែបនេះ ការបត់បែនភាពទន់ភ្លន់ តែម៉ឺងម៉ាត់ ល្ងាចមិញ ទៅដកធុងបាស ឲ្យសន្យាហើយ ប្រសិនបើនិយាយមិនស្តាប់ទៀត អាចផ្អាកអាជីវកម្ម ហើយបើនៅតែបន្តទៀត ដកអាជ្ញាបណ្ណតែម្តង ព្រោះឥឡូវរស់ទាំងអស់គ្នា” ។
ជាមួយគ្នានោះដែរ សម្តេចធិបតី បានបញ្ជាក់ថា “បងប្អូនមានអាជីវកម្ម ស្រួលហើយ បើកតែត្រឹមម៉ោង០៩ ម៉ោង១០ អីបានហើយ ចែកគេសម្រាកផង បន្ថយសំឡេងទៅ ចាំបាច់ ក្តុងក្ដាំងធ្វើអី! យូរៗម្តង គេមិនថាទេ យើងបើកពីល្ងាចទៅសប្បាយទាំងអស់គ្នា ហើយបងប្អូននៅជិត ក៏គាត់មិនថាដែរ! គេបើកតែយប់ឡើងអាណិតគ្នាផង សម្រាប់ចាស់ៗគាត់ឈឺ ឫកូនក្មេងទើបកើត” ។
ក្នុងឱកាសនោះដែរ សម្តេចធបិតី ក៏បានឲ្យអាជ្ញាធរ ត្រូវមើល និងយកចិត្តទុកដាក់ចំពោះទីតាំងកន្លែងកម្សាន្តនានា ខណៈសម្តេចធិបតី ចាត់ទុកថា ទីតាំងទាំងនោះ សម្បូរទៅ ដោយមនុស្សកាចៗ ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់យ៉ាងដូច្នេះថា ៖ “ហើយមើលផង កន្លែងបៀរហ្គាដិន ឃើញមានច្រើនអ្នកកាចៗ ដូចផ្ទះខ្ញុំ នៅទួលគោក ម្តងម្កាល ម៉ោង១ ម៉ោង២ ជួនកាលអាឡានចេញទៅនឹង រ៉ោលងោងៗ ខ្ញុំឆ្ងល់ថា ឡាននឹងជិះស្រួលបួល ទៅវាយ៉ាងម៉េច ? ហើយជួនកាល ចេញទៅនឹង អ្នកកាច ឥឡូវអត់មានទេ ថ្ងៃមុនគីរីរម្យ ប៉ុន្មាននាក់នោះបាញ់ៗ ផ្អើលប្រជាពលរដ្ឋ រកឃើញដកចេញពីក្របខណ្ឌតែម្តង ហើយសំបូរអ្នកកាចផឹកបាញ់” ។
សម្តេចនាយករដ្ឋមន្ត្រី ក៏បានធ្វើការណែនាំថា “ចែកគ្នារស់ បានន័យថាម៉េច គឹរស់នៅក្នុងសន្តិភាព រស់នៅក្នុងភាពស្ងប់ស្ងាត់ ពេលវេលាបងប្អូន ក៏មានអាជីវកម្ម អាច រកចំណូលបាន តែត្រូវគោរពបងប្អូនដែលនៅជុំវិញ ក៏គោរព។ គាត់ធ្វើអាជីវកម្មប្រភេទនេះ តែគោរពគ្នាទៅវិញទៅមក តែបើគ្រប់គ្នា មិនអាចអនុវត្តបាន មានតែរដ្ឋចូលហើយ គឺចូលទៅយកផលប្រយោជន៍ប្រជាជនតាមផ្លូវច្បាប់ ។
ជាមួយគ្នានោះដែរ សម្តេចក៏បានឲ្យដឹងថា ថ្ងៃមុនសម្តេចបានប្រាប់ទៅកាន់ឯកឧត្តម សាយ សំអាល ពីការរៀបចំនគរូបនីយកម្មរបស់យើង ទៅថ្ងៃក្រោយ ផែនការមេ គួរគិតគូ អំពីតំបន់ ដែលតំបន់ណាឲ្យប្រជាពលរដ្ឋរស់នៅ ផ្លូវណាឲ្យធ្វើអាជីវកម្មអី អាជីវកម្មកម្រិតអី អាជីវកម្មមិនហាមទាំងអស់ទេ ជួនកាលនៅក្នុងតំបន់ហ្នឹង គេអាចលក់ដូច ម៉ាត លក់អី តែដល់អាកាចៗហ្នឹង (ហាងផឹកស៊ីមានតន្ត្រី) យើងអាចទុកទៅនៅម្តុំទៅសប្បាយៗ កាចៗហ្នឹង” ៕
Tuesday, November 21, 2023
ទំព័រដើម
សន្តិសុខសង្គម
សម្តេចធិបតី ឱ្យអាជ្ញាធរណែនាំកន្លែងផឹកស៊ីច្រៀងកម្សាន្តពេលរាត្រី ដែលបង្កសំឡេងរំខានអ្នកជិតខាង
សម្តេចធិបតី ឱ្យអាជ្ញាធរណែនាំកន្លែងផឹកស៊ីច្រៀងកម្សាន្តពេលរាត្រី ដែលបង្កសំឡេងរំខានអ្នកជិតខាង
Author Details
ផ្ដល់ព័ត៌មានតាមរយៈលេខទូរសព្ទ ឬតេឡេក្រាមលេខ 017 52 99 19 / 097 77 88 019 សូមអរគុណ!