(ភ្នំពេញ) ៖ ក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១៣ វិច្ឆិកា ២០២៣ បានឲ្យដឹងថា ប្រធាន អនុប្រធានមណ្ឌល នៅតាមមណ្ឌលកំណែទាំងអស់ បានដឹកនាំសមាជិកក្រុមកំណែមុខវិជ្ជាទាំង១០ ចាប់ផ្ដើមដំណើរការកំណែសម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) សម័យប្រឡង៖ ០៦ វិច្ឆិកា ២០២៣។
ក្រសួងអប់រំ បានបញ្ជាក់ថា លោកគ្រូ អ្នកគ្រូ ដែលជាប្រធានក្រុមដឹកនាំធ្វើអត្រាកំណែទាំងអស់ បានធ្វើការបែងចែកសមាជិកបន្តជាក្រុមតូច និងធ្វើការណែនាំដល់សមាជិកទាំងឲ្យបំពេញភារកិច្ចឲ្យបានត្រឹមត្រូវ និងយកចិត្តទុកដាក់ក្រោមស្មារតីទទួលខុសត្រូវខ្ពស់ ដោយមិនត្រូវយកភ្ជាប់មកជាមួយនូវទូរស័ព្ទដៃ និងឧបករណ៍អេឡិចត្រូនិកចូលបន្ទប់កំណែ ដើម្បីចៀសវាងបង្ហោះរាល់សំណៅកិច្ចការបេក្ខជន ឬអត្រាកំណែតាមបណ្ដាញសង្គម។
ក្រសួងអប់រំ បានឲ្យដឹងថា តាមការគ្រោងទុកលទ្ធផលប្រឡងបាក់ឌុបឆ្នាំ២០២៣ នឹងត្រូវប្រកាស នៅតាមមណ្ឌលប្រឡងក្នុងរាជធានីភ្នំពេញ និងខេត្តកណ្ដាល នៅរសៀលថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៣ និងនៅតាមមណ្ឌលប្រឡងក្នុងខេត្តផ្សេងទៀត នាថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២៣ និងផ្សព្វផ្សាយតាមបណ្ដាញទំនាក់ទំនងសង្គមផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា MoEYS Cambodia៕