(ភ្នំពេញ) ៖ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោកស្រី សឿន ចរិយា បានចេញដីកាបង្គាប់ឱ្យឃុំខ្លួនអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនម្នាក់ និងបក្ខពួក ០៤ នាក់ទៀត ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមបទចោទពីបទ ចាប់ និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់) ។ ការសម្រេចរបស់ចៅក្រមស៊ើបសួរ បានធ្វើឡើងនៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
សូមបញ្ជាក់ថា ក្នុងករណីនេះអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន និងបក្ខពួក បានជំរិតយកប្រាក់ពីជនជាតិចិនក្នុងរឿងចាប់ខ្លួនពាក់ព័ន្ធគ្រឿងញៀន ហើយដោះលែងជាថ្នូរនឹងប្រាក់រាប់ម៉ឺនដុល្លារ ។ ជនជាប់ចោទទាំង ០៥ នាក់ ឈ្មោះ វ៉ាន់ កុសល ភេទប្រុស ជាអនុប្រធានមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន, ឈ្មោះ ជួន លឹមហេង ភេទប្រុស, ឈ្មោះ អុន សំអូន ភេទប្រុស, ឈ្មោះ នេត សុខុម ភេទប្រុស និងឈ្មោះ ឈាវ ស៊ីដេត ភេទប្រុស ។
យោងតាមការឱ្យដឹងពី លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ថា ក្រោយពីតំណាងអយ្យការបានធ្វើការស៊ើបអង្កេត ផ្ទៀងផ្ទាត់ និងពិនិត្យលើភស្តុតាងនានា ព្រមទាំងបានស្ដាប់ចម្លើយជនសង្ស័យទាំងអស់ខាងលើឃើញថា នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣ ក្រុមជនសង្ស័យខាងលើ ព្រមទាំងបក្ខពួក បានធ្វើសកម្មភាពឃាត់រថយន្តរបស់ជនរងគ្រោះជាជនជាតិចិនចំនួន ០៣ ករណី ដោយយកជនរងគ្រោះទៅបង្ខាំង និងជំរិតយកប្រាក់ជាថ្នូរនឹងការដោះលែងឱ្យមានសេរីភាពវិញ ។
ផ្អែកតាមលទ្ធផល នៃការស៊ើបអង្កេតខាងលើ តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចបើកការស៊ើបសួរតាមរយៈដីកាសន្និដ្ឋានបញ្ជូនរឿងឱ្យស៊ើបសួរ ដោយស្នើសុំចៅក្រមស៊ើបសួរដាក់ឱ្យស្ថិតនៅក្រោមការពិនិត្យលើមនុស្សចំនួន ០៧ នាក់ រីឯមនុស្ស ០២ នាក់ទៀត កំពុងគេចខ្លួន និងស្វែងរក ដែលមានឈ្មោះ កែវ ខេន និងឈ្មោះ គង់ វីរៈជាតិ និងបក្ខពួក ដោយចោទប្រកាន់ពីបទ ចាប់ និងបង្ខាំងដោយខុសច្បាប់មានស្ថានទម្ងន់ទោស (ជំរិតយកប្រាក់) ៕