(ភ្នំពេញ) ៖ ក្រុមការងារអន្តរាគមបង្ក្រាបបបទល្មើសចលនាសត្វ និងផលិតផលសត្វ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ សហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលរាជធានីភ្នំពេញ និងខេត្តព្រៃវែង បង្រ្កាបបទល្មើសបានចំនួន ០៣ ករណី នៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៣ ។
យោងតាមរបាយការណ៍ បានឱ្យដឹងថា ប្រតិបត្តិការឃាត់ចាប់រថយន្តចំនួន ០៣ គ្រឿងនេះ រថយន្តទី១ ម៉ាក HYUNDIA ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ ០២ តោន ពាក់ផ្លាកលេខ ភ្នំពេញ 3G-2216 ដឹកសាច់សត្វគ្រួចចំនួន ៣៦០០ គីឡូក្រាម នាំមកពីប្រទេសវៀតណាម តាមច្រកក្អមសំណរ ស្រុកលើកដែក ខេត្តកណ្ដាល ឃាត់ចាប់ត្រង់ចំណុចសង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ រថយន្តទី២ ម៉ាក HYUNDIA ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុះ ៣,៥ តោនពាក់ផ្លាកលេខ ព្រៃវែង 3A-1071 ដឹកសត្វទារស់ចំនួន ២០០០ ក្បាល នាំមកពីប្រទេសវៀតណាម តាមច្រកពាមមន្ទារ ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឆ្ពោះទៅលក់ចែកចាយបន្តនៅខេត្តព្រៃវែង សមត្ថកិច្ចបានឃាត់ចាប់នៅត្រង់ចំណុចឃុំជាងដែក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង និងរថយន្តទី៣ ម៉ាក HYUNDIA ពណ៌ស ជាប្រភេទរថយន្តដឹកទំនិញចំណុច ៣,៥ តោន ពាក់ផ្លាកលេខ កំពត 3A-1882 ដឹកសត្វមាន់កូរ៉េ និងទន្សាយរស់ចំនួន ១២៥១ ក្បាល មកពីប្រទេសវៀតណាម តាមច្រកស្វាយអាង៉ោង ស្រុកកំពង់ត្របែក ខេត្តព្រៃវែង ឃាត់ចាប់ត្រង់ចំណុចស្រុកកំពង់ត្របែក ខេត្តព្រៃវែង ដោយគ្មានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ក្រោយការបង្ក្រាបបាន ក្រុមអន្តរាគមបង្ក្រាបបទល្មើសចលនាសត្វ និងផលិតកម្មសត្វ បាននាំយកវត្ថតាំងដែលមានសាច់សត្វគ្រួចសរុបចំនួន ៣៦០០ គីឡូក្រាម សត្វទារស់ចំនួន ២០០០ ក្បាល សត្វមាន់កូរ៉េ និងទន្សាយរស់ចំនួន ១២៥១ ក្បាល និងរថយន្តចំនួន ០៣ គ្រឿង ទៅរក្សាទុកនៅចត្តាឡីស័ករបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ដើម្បីចាត់វិធានការតាមនីតិវិធីច្បាប់ ៕