(បាត់ដំបង) ៖ ដោយអនុវត្តតាមបទបញ្ជាផ្ទាល់ពី ឯកឧត្តម ឧត្ដមសេនីយ៍ទោ សាត គឹមសាន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងមានការសម្របសម្រួលទៅលើនីតិវិធីពី ឯកឧត្តម កែវ សុជាតិ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តបាត់ដំបង លោកវរសេនីយ៍ឯក ឈឿង គឹមសុង ស្នងការរង ដឹកនាំការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោកវរសេនីយ៍ឯក ចៀក ថានិន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ។
នៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ១៥ ៖ ០៦ នាទី នៅចំណុចភូមិកំប្រង់ ឃុំតាក្រី ស្រុកកំរៀង ខេត្តបាត់ដំបង កម្លាំងអធិការដ្ឋាននគរបាលស្រុកបាណន់ ដែលដឹកនាំដោយ លោកវរសេនីយ៍ទោ សំ វីរៈ ជាអធិការ បានសហការជាមួយកម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាប កម្លាំងអធិការដ្ឋាននគរបាលស្រុកបវេល ដែលដឹកនាំដោយ លោកវរសេនីយ៍ឯក សុខ សារិន ជាអធិការ កម្លាំងអធិការដ្ឋាននគរបាលស្រុកកំរៀង ដែលដឹកនាំដោយ លោកវរសេនីយ៍ទោ វេ គឹមចត់ ជាអធិការ បានចុះប្រតិបត្តិការបង្ក្រាបករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស ( បណ្តាលឱ្យមរណៈភាពជនរងគ្រោះ ) ០១ ករណី និងបានធ្វើការនាំខ្លួនជនសង្ស័យ ០១ នាក់ ឈ្មោះ គឹម សុវ៉ាត់ ហៅ តូច ភេទប្រុស អាយុ ១៦ ឆ្នាំ មានទីលំនៅភូមិភ្នំសំពៅកើត ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ។គួររំលឹកថា នៅថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង ២២ ៖ ៣០ នាទី ស្ថិតនៅចំណុចក្រុមទី៩ ភូមិកំប៉ូវ ឃុំភ្នំសំពៅ ស្រុកបាណន់ ខេត្តបាត់ដំបង ជនសង្ស័យខាងលើ រួមជាមួយបក្ខពួកចំនួន ០៣ នាក់ទៀត ជិះម៉ូតូ ០២ គ្រឿង ម៉ាកហុងដាឌ្រីម និងប្រើប្រាស់កាំបិតផ្គាក់ ដេញកាប់ជនរងគ្រោះមួយក្រុមទៀតដែលមានគ្នា ០៧ នាក់ ជិះមូតូ ០៣ គ្រឿង លុះដល់ចំណុចកើតហេតុខាងលើ ជនសង្ស័យបានកាប់ត្រូវចំជនរងគ្រោះម្នាក់ឈ្មោះ លក សាវៀង ភេទប្រុស អាយុ ១៧ ឆ្នាំ រស់នៅក្រុមទី០៥ ភូមិតាគ្រាម ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង ចំត្រង់ក្បាលផ្នែកខាងលើមួយកាំបិត និងបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង តាមរថយន្តសង្រ្គោះបន្ទាន់ឃុំភ្នំសំពៅ ពេលទៅដល់មន្ទីរពេទ្យ ជនរងគ្រោះបានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យតែម្ដង ។
បច្ចុប្បន្នជនសង្ស័យខាងលើ អធិការដ្ឋាននគរបាលស្រុកបាណន់ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕