(ភ្នំពេញ) ៖ ដោយទទួលបានបញ្ជាដឹកនាំពីលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោកវរសេនីយ៍ឯក ប៊ុន សត្យា ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ ក្រោមការដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ត្រី លី ប៊ុនអេង ស្នងការរង នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងសមត្តកិច្ចជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានធ្វើការស្រាវជ្រាវ និងចាប់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខភោជនីយដ្ឋានកាល់ម៉ែត្រ តាមបណ្តោយមហាវិធីព្រះមុន្នីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពីបទរំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចរាជធានីភ្នំពេញ កាលពីខែអំឡុងខែធ្នូ ឆ្នាំ២០២១ ដល់អំឡុងខែមីនា ឆ្នាំ២០២២ ។
ការចាប់ខ្លួនអ្នកលក់រថយន្តខាងលើនេះ នគរបាលព្រហ្មទណ្ឌបានអនុវត្តតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ៤៥១ (ឡ)ដចន ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ របស់លោក ជុំ សង្វា ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ ។ជនសង្ស័យមានឈ្មោះ អ៊ិត សុវណ្ណារ៉ា ភេទប្រុស អាយុ ៣៥ ឆ្នាំ មានទីលំនៅផ្ទះលេខ១១ DE2 ផ្លូវលេខ២១៩ ភូមិ៥ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ក្រោយចាប់ខ្លួនជនសង្ស័យ ត្រូវបានសមត្តកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី ៕