(ភ្នំពេញ) ៖ ប្រជាពលរដ្ឋជាច្រើននាក់រស់នៅតំបន់ផែថ្ម បាននាំគ្នាស្រែកតវ៉ា និងសុំឱ្យសមត្ថកិច្ចប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ដោះលែងស្ត្រីម្នាក់ ដោយអះអាងថា សមត្ថកិច្ចឃាត់ខ្លួនខុសមនុស្សហើយ បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង ១១ យប់ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៣ ទីតាំងកើតហេតុនៅចំណុចម្តុំហាងម៉ាស្សា ក្បែរផ្ទះសំណាក់ «ផែថ្ម» ស្ថិតក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនពេលកើតហេតុ អំឡុងម៉ោងជិត ១១ យប់ គេប្រទះឃើញសមត្ថកិច្ចមួយក្រុម មានពាក់ឯកសណ្ឋាននគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន ចុះមកធ្វើការឃាត់ខ្លួនមនុស្សក្នុងទីតាំងហាងម៉ាស្សាជ្រកក្រោមផ្លាកកាហ្វេមួយកន្លែង ដែលមានយីហោ «ជូលីកាហ្វេ» ។
ប្រភពដដែលបន្តថា បន្ទាប់មក គេក៏ឃើញមានជម្លោះទាស់ទែងពាក្យសម្តី រហូតឈានដល់ការប្រើប្រាស់ហិង្សាទៅលើស្ត្រីម្នាក់ ខណៈពេលស្ត្រីរូបនោះយកកាហ្វេទៅឱ្យហាងម៉ាស្សាខាងលើ ចំពេលសមត្ថកិច្ចកំពុងតែអនុវត្តដីកា ។
ហេតុការណ៍នេះ បានបង្កឱ្យមានការភ្ញាក់ផ្អើលកាន់តែខ្លាំង បន្ទាប់ពីស្ត្រីចំណាស់រូបនោះ ត្រូវជនស៊ីវិលម្នាក់ដែលមកជាមួយមន្ត្រីមានឯកសណ្ឋាន ០២ នាក់ទៀត ប្រើហិង្សាទៅលើរូបគាត់ ។
យោងតាមប្រភពពីក្រុមគ្រួសារស្ត្រីរងគ្រោះ បានបន្ថែមថា មុនពេលកើតហេតុ ពួកគាត់កំពុងធ្វើការ ស្រាប់តែទទួលដំណឹងថា ម្តាយរបស់ពួកគាត់ត្រូវគេប្រើហិង្សា និងចាប់វាយខ្នោះរុញចូលក្នុងហាងកាហ្វេខាងលើនោះ មិនឱ្យចេញក្រៅនោះទេ ។
ក្រុមគ្រួសារស្ត្រីរងគ្រោះ បានបន្ថែមទៀតថា បន្ទាប់ពីទទួលដំណឹងនេះភ្លាម ពួកគាត់ក៏បានមកដល់ទីតាំងកើតហេតុ ស្រាប់តែឃើញសភាពម្តាយរបស់ពួកគាត់ត្រូវគេឃុំក្នុងហាង និងមានស្នាមវាយតែម្ដង ដោយកើតក្តីបារម្ភ និងខឹងយ៉ាងខ្លាំងចំពោះទង្វើមួយនេះ ពួកគាត់ក៏ហៅអ្នកសារព័ត៌មាន និងប្រជាពលរដ្ឋមកជួយ ដោយអះអាងយ៉ាងមុះមុតថា ម្តាយរបស់ពួកគាត់មិនបានពាក់ព័ន្ធជាមួយការជួញដូរមនុស្សនោះទេ ព្រោះម្តាយគាត់ គឺសព្វថ្ងៃនេះ ជាមេផ្ទះ និងរកស៊ីលក់កាហ្វេ ព្រមទាំងលេងតុងទីនតែប៉ុណ្ណោះ ហេតុអ្វីបានជាសមត្ថកិច្ចឃុំម្តាយគាត់ និងប្រើហិង្សាថែមទៀតបែបនេះ ។
ពាក់ព័ន្ធនៅក្នុងហេតុការណ៍ខាងលើនេះ កាន់តែភ្ញាក់ផ្អើលខ្លាំងឡើង បន្ទាប់ពីអ្នកភូមិជួយឈឺឆ្អាល និងនាំគ្នាតវ៉ាឱ្យដោះលែងស្ត្រីរងគ្រោះខាងលើ ។ ដោយឡែក សមត្ថកិច្ចបានបកស្រាយថា ពួកគាត់មិនបានប្រើហិង្សាទៅលើស្ត្រីរងគ្រោះនោះទេ ចំណែកអ្នកវាយស្ត្រីរងគ្រោះ ពួកគាត់ក៏មិនបានស្គាល់ដែរ គឺដឹងត្រឹមតែចុះអនុវត្តតាមដីកា ស្របពេលស្ត្រីរងគ្រោះខាងលើ នៅក្នុងហាងដែលជាចំណុចត្រូវអនុវត្តតែប៉ុណ្ណោះ ។
ក្រោយពេលកើតហេតុ ដោយសារមានការអះអាងជាច្រើនពីមហាជន ទើបសមត្ថកិច្ចធ្វើកិច្ចសន្យាដោះលែងស្ត្រីរូបនោះតាមសំណើរប្រជាពលរដ្ឋ តែការអនុវត្តនៅតែបន្តទៅលើហាងកាហ្វេមួយនោះដដែល ៕
Tuesday, November 21, 2023
ទំព័រដើម
សន្តិសុខសង្គម
ពលរដ្ឋរស់នៅតំបន់ផែថ្មនាំគ្នាស្រែកតវ៉ា ក្រោយសមត្ថកិច្ចចាប់ខ្លួនស្ត្រីម្នាក់ឃុំក្នុងកាហ្វេ
ពលរដ្ឋរស់នៅតំបន់ផែថ្មនាំគ្នាស្រែកតវ៉ា ក្រោយសមត្ថកិច្ចចាប់ខ្លួនស្ត្រីម្នាក់ឃុំក្នុងកាហ្វេ
Author Details
ផ្ដល់ព័ត៌មានតាមរយៈលេខទូរសព្ទ ឬតេឡេក្រាមលេខ 017 52 99 19 / 097 77 88 019 សូមអរគុណ!