អាជ្ញាធរខេត្តកំពត ចុះពិនិត្យទីតាំងសាងសង់ផ្ទះជូនគ្រួសារយុវសិស្សក្រីក្រ អន ផានិត ដែលជាប់និទ្ទេសA - Intri Plus News

ក្ដៅៗ

Home Top Ad

ផ្សាយពាណិជ្ជកម្មនៅទីនេះ

Post Top Ad

Ads Sidebar

Thursday, November 30, 2023

អាជ្ញាធរខេត្តកំពត ចុះពិនិត្យទីតាំងសាងសង់ផ្ទះជូនគ្រួសារយុវសិស្សក្រីក្រ អន ផានិត ដែលជាប់និទ្ទេសA

(កំពត) ៖ នាយកឧត្តមសេនីយ៍ ខេង សាម៉េត អគ្គស្នងការរងនគរបាលជាតិ និងលោក ម៉ៅ ធនិន អភិបាលខេត្តកំពត នៅព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះពិនិត្យទីតាំង ដើម្បីសាងសង់ផ្ទះដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ជូនគ្រួសារយុវសិស្ស អន ផានិត ជាសិស្សប្រឡងជាប់បាក់ឌុបទទួលបាននិទ្ទេស A មកពីវិទ្យាល័យ សម្តេច ជា ស៊ីម អង្គរជ័យ រស់នៅភូមិព្រៃធំ ឃុំអង្គភ្នំតូច ស្រុកអង្គរជ័យ ខេត្តកំពត ដែលមានជីវភាពខ្វះខាត ព្រមទាំងមានឪពុកម្តាយជាជនពិការ ។

នាយកឧត្តមសេនីយ៍ ខេង សាម៉េត បានឱ្យដឹងថា ក្រោយពីទទួលបានការណែនាំពីសម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ក្នុងការជួយសាងសង់ផ្ទះថ្មីជូនក្រុមគ្រួសារយុវសិស្ស អន ផានិត ដែលមានជីវភាពខ្វះខាត ក្នុងពេលដ៏ខ្លីខាងមុខ ។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានលើកឡើងថា សម្តេចតេជោនៅតែគិតគូរជានិច្ចនូវរាល់សុខទុក្ខរបស់ប្រជាពលរដ្ឋក្រីក្រជួបការលំបាក ពិសេស សិស្ស និស្សិតក្រីក្រ ដែលជានិច្ចជាកាលសម្តេចតេជោ និងសម្តេចគតិព្រឹទ្ធបណ្ឌិត តែងតែទទួលរ៉ាប់រង ទំនុបបម្រុង និងឧបត្ថម្ភគាំទ្រដល់ការសិក្សារៀនសូត្រជានិច្ច ។ ជាក់ស្តែងការឧត្ថម្ភសម្រាប់យុវសិស្ស អន ផានិត នាពេលនេះ ជាការបង្ហាញនូវទឹកចិត្តសណ្តោសប្រណី និងយកចិត្តទុកដាក់ខ្ពស់ចំពោះ សិស្ស និស្សិត ដែលមានជីវភាពក្រីក្រជួបការលំបាក ធ្វើយ៉ាងណាឱ្យរៀនសូត្របានខ្ពង់ខ្ពស់ ដើម្បីជួយជ្រោងជីវភាពគ្រួសារ ក៏ដូចជាចូលរួមបម្រើប្រទេសជាតិ និងប្រជាជនកម្ពុជា ។

អ្នកស្រី តុប មករា ជាម្តាយរបស់យុវសិស្ស អន ផានិត រួមទាំងស្វាមី និងកូនៗ ក៏បានសម្ដែងនូវក្តីសប្បាយរីករាយ និងបានថ្លែងអំណរគុណចំពោះសម្តេចតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ដែលលោកទាំងពីរមានចិត្តសណ្តោសប្រណី យកចិត្តទុកដាក់ទំនុកបម្រុងចំពោះការសិក្សារៀនសូត្ររបស់កូន ក៏ដូចជាផ្តល់ផ្ទះថ្មី និងការទំនុកបម្រុងផ្សេងៗទៀតដល់ក្រុមគ្រួសារដែលកំពុងជួបប្រទះនូវការលំបាក ។

យោងតាមប្រសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ កាលពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៣ បានផ្តល់ជូន និងឧបត្ថម្ភដល់យុវសិស្ស អន ផានិត មានដូចជា ជួយផ្គត់ផ្គង់ការសិក្សាបន្ត និងជីវភាពគ្រួសារ រួមមាន ១. ជួយឱ្យបានចូលរៀន វិស្វករ នៅមហាវិទ្យាល័យ ដែលជាជំនាញក្នុងក្ដីស្រមៃ រួមនឹងការផ្ដល់ជូន មធ្យោបាយធ្វើដំណើរ ក៏ដូចជាប្រាក់ឧបត្ថម្ភប្រចាំខែ ក្នុងការរៀនសូត្រ, ២.ទទួលបានការស្នាក់នៅ នៅទីបញ្ជាការដ្ឋានអង្គរក្ស តាមរយៈ លោក ហ៊ីង ប៊ុនហៀង, ៣. សម្ដេចទាំងទ្វេបានបញ្ជូនទីប្រឹក្សាផ្ទាល់ លោក សេង ទៀង និងលោក ខេង សាម៉េត ចុះផ្ទាល់នឹងជួយសាងសង់ផ្ទះថ្មីជូនក្រុមគ្រួសារ, ៤. ជួយចេញលុយសង ដែលក្រុមគ្រួសារជំពាក់គេកន្លងមកឱ្យអស់, ៥. ឧបត្ថម្ភប្រចាំខែ ០១ លានរៀល ដល់ក្រុមគ្រួសារ អន ផានិត ដើម្បីសម្រួលជីវភាព ៕















Post Bottom Ad

Ads Sidebar

Pages