បាត់ដំបង៖ ថ្លែងក្នុងពិធីយុទ្ធនាការ «អន្ទាក់សូន្យ» ដំណាក់កាលទី២នៅទីរួមខេត្តបាត់ដំបង ឯកឧត្តម នេត្រ ភក្រ្តា រដ្ឋលេខាធិការក្រសួងបរិស្ថាន និងជាប្រធានយុទ្ធនាការអន្ទាក់សូន្យបានមានប្រសាសន៍ថា៖ ការបាត់បង់សត្វព្រៃ និងជីវៈចម្រុះ នឹងបង្កឲ្យមានអតុល្យភាពក្នុងប្រព័ន្ធអេកូឡូស៊ី។ ដូច្នេះខ្ញុំសូមសំណូមពរយ៉ាងទទូចឲ្យសាធារៈជនទាំងអស់ចូលរួមជាមួយយើង។ វាដល់ពេលហើយសម្រាប់ អ្នកនិយមបរិភោគសាច់សត្វព្រៃបញ្ឈប់ការបរិភោគ អ្នកជួញដូរបញ្ឈប់ការជួញដូរ ហើយអ្នកដាក់អន្ទាក់បញ្ឈប់សកម្មភាពដាក់អន្ទាក់។ សម្រាប់សាធារៈណជនទូទៅ ខ្ញុំសូមលើកទឹកចិត្តឲ្យពួកគាត់ក្លាយជាឯកអគ្គរដ្ឋទូតសម្រាប់សត្វព្រៃ ដោយការនិយាយថាទេ ចំពោះសាច់សត្វព្រៃនិងផលិតផលពីសត្វព្រៃគ្រប់ប្រភេទទាំងអស់ បូករួមនឹងការផ្សព្វផ្សាយបន្ថែមពី សារៈសំខាន់នៃការអភិរក្សសត្វព្រៃ ទៅដល់មិត្តភក្តិ គ្រួសារ និងសហគមន៍របស់អ្នក។
យុទ្ធនាការ «អន្ទាក់សូន្យ» ដំណាក់កាលទី២ចុងក្រោយនៅខេត្តបាត់ដំបង និងប៉ៃលិននេះប្រារព្ធធ្វើនៅព្រឹកថ្ងៃទី២២ មិថុនា ឆ្នាំ២០២៣ នៅទីរួមខេត្តបាត់ដំបង ក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន ដោយមានកិច្ចសហការពីរដ្ឋបាលខេត្តបាត់ដំបង និងអង្គការដៃគូរអភិក្សនានាក្នុងប្រទេសកម្ពុជា។ យុទ្ធនាការអន្ទាក់សូន្យក្នុងខេត្តនេះ ត្រូវបានជួយសម្រប សម្រួលនិងគាំទ្រថវិកាមួយចំណែកដោយមូលនិធិម៉ាដក្សចូលីភីត (MJP) ។ យុទ្ធនាការមហាជនមួយនេះ ផ្តោតលើការបង្កើនការយល់ដឹងនិងទាញការចូលរួមពីសាធារណជនគ្រប់ស្រទាប់ដើម្បីជួយការពារសត្វព្រៃយើងកុំឲ្យបាត់បង់ដោយការដាក់អន្ទាក់ ការបរបាញ់ និងការជួញដូរសត្វព្រៃខុសច្បាប់។
ឯកឧត្តមបានបន្តទៀតថាមានភូមិសាស្ត្រក្នុងភាគពាយ័ព្យនៃប្រទេសកម្ពុជា ខេត្តបាត់ដំបងនិងប៉ៃលិនគឺជាខេត្តដែលមានធនធានធម្មជាតិដ៏សំបូរបែបមួយ រាប់ចាប់ពីភ្នំ ដល់ទន្លេ ហើយរួមទាំងធនធានសត្វព្រៃផងដែរ។ លើសពីនេះ ខេត្តទាំងពីរក៏មានប្រវត្តិយូរលង់ផងដែរ។ ក៏ប៉ុន្តែ ចំនួនសត្វព្រៃក្នុងខេត្តបាត់ដំបងនិងប៉ៃលិន រួមទាំងនៅតាមបណ្តាខេត្តផ្សេងៗទៀត បាននឹងកំពុងមានការថយចុះគួរឲ្យកត់សម្គាល់ ពីសកម្មភាពអន្ទាក់ក្នុងតំបន់ការពារធម្មជាតិ ដែលបណ្តាលមកពីទីផ្សារសាច់សត្វព្រៃ សម្រាប់បរិភោគនិងសម្រាប់ប្រើប្រាស់ជាថ្នាំព្យបាល។
ឯកឧត្តម រដ្ឋលេខាធិការបានបន្ថែមថា៖ «កម្ពុជាយើងកំពុងធ្វើដំណើរឈានទៅទទួលបាន ចំនួនអន្ទាក់ធ្លាក់មកសូន្យក្នុងតំបន់ការពារធម្មជាតិ ការអភិវឌ្ឍប្រកបដោយចីរភាព និង ការរីកចម្រើនផ្នែកសេដ្ឋកិច្ច ហេតុដូចនេះ វិធីសាស្រ្តនៃការអនុវត្តការងារតាមទម្លាប់ចាស់ និងផ្នត់គំនិតចាស់ៗ មិនអាចជម្រុញឲ្យយើងទទួលបានគោលដៅនេះនោះទេ។ ហើយ ដើម្បីទទួលបានផ្លែផ្កាដូចដៅទុក យើងត្រូវការការចូលរួមពីប្រជាជនគ្រប់មជ្ឈដ្ឋានទាំងអស់។ យើងត្រូវរួមគ្នា ដើម្បីអនាគតល្អប្រសើររបស់យើងទាំងអស់គ្នា»។