កំពង់ស្ពឺ:មានមនុស្សប្រុស ស្រី ចាស់ក្មេង រាប់រយនាក់ បានមកទស្សនាការប្រណាំងរទេះសាឡីគោលឿន ដែលរៀបចំឡើងដោយមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយសហភាពសហពន្ធ័យុវជនកម្ពុជា និងសមាគមន៍ចិញ្ចឹមគោនៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៣ លើទីលានមួយកន្លែងក្នុងភូមិស្នោទី១ សង្កាត់រកាធំ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
លោក ស៊ុន មានជ័យ ប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តកំពង់ស្ពឺបានឱ្យដឹងថា ខេត្តកំពង់ស្ពឺតែងតែប្រារព្ធពិធីប្រណាំងរទេះគោនេះជារៀងរាល់ឆ្នាំ ដោយមានអ្នកចិញ្ចឹម និងស្រឡាញ់គោដែលចូលចិត្តពិធីនេះមកពីបណ្តាខេត្តផ្សេងៗចូលរួម។
ការរៀបចំពិធីប្រណាំងរទេះសាឡីគោលឿនជារៀងរាល់ឆ្នាំគឺដើម្បីផ្តល់នូវស្នាមញញឹមដល់បងប្អូនប្រជាពលរដ្ឋទូទៅបានកម្សាន្តសប្បាយ ពិសេសគឺដើម្បីបង្ហាញពីប្រពៃណីទំនៀមទំលាប់ខ្មែរដែលមានតាំងពីដូនតារៀងមក។ ហើយសម្រាប់ឆ្នាំនេះគឺមានរទេះគោមកពីតាមបណ្តាខេត្តចំនួន៣៩នឹមបានចូលរួមប្រកួត។
លោកបានបន្តទៀតថា ការរៀបចំប្រណាំងរទេះសាឡីគោលឿននេះគឺជាផ្នែកមួយនៃការប្រារព្ធកម្មវិធីកំពង់ស្ពឺសង្ក្រាន្តរបស់ខេត្តតែងតែធ្វើជារៀងរាល់ឆ្នាំដើម្បីចូលរួមថែរក្សា និងបង្ហាញពីគុណប្រយោជន៍របស់រទេះគោខ្មែរ និងសត្វគោដែលជាសត្វពាហនៈដ៏ចម្បងក្នុងវិស័យកសិកម្ម។
បច្ចុប្បន្នថ្វីត្បិតកសិករមួយភាគធំបានងាក់ទៅប្រើប្រាស់គ្រឿងចក្រជំនួសឱ្យសត្វគោក្នុងវិស័យកសិកម្មក្តី ក៏នៅមានពលរដ្ឋខ្មែរខ្លះនៅតែពេញនិយមចិញ្ចឹមគោដើម្បីជាប្រយោជន៍ផ្សេងៗ។
ពិធីប្រណាំងរទេះសាឡីគោលឿនព្រឹកនេះពិតជាបានបង្ហាញឱ្យឃើញនូវលក្ខណៈជឿនលឿននិងលក្ខណៈដ៏ល្អប្រពៃរបស់ប្រជាពលរដ្ឋខ្មែរ ដែលបន្តរក្សាយ៉ាងគង់វង្សនិងស្ថិតស្ថេរបំផុតនូវទំនៀមទម្លាប់ ប្រពៃណីពីបុរមបុរាណនៃយើង។
ថ្វីត្បិតថ្ងៃក្តៅបន្តិច តែបងប្អូនអ្នកទស្សនារីករាយក្នុងការទទួលយកទស្សនីយភាពនេះ ដោយសម្លេងស្រែកហូរសប្បាយយ៉ាងកងរំពង។
អ្នកចូលរួមទស្សនាកម្មវិធីប្រណាំងនេះបាននិយាយថា ពួកគាត់ពិតជាមានការសប្បាយរីករាយណាស់ ទោះបីការឈរមើលស្ថិតក្រោមមេឃមានកម្តៅក្តៅបន្តិច ប៉ុន្តែពួកយើងពេញចិត្ត គាំទ្រ និងសុំឱ្យរដ្ឋបាលខេត្តពិសេសមន្ទីរវប្បធម៌ និងសិល្បៈ សហភាពសហពន្ធ័យុវជនកម្ពុជា (សសយក) ខេត្តបន្តការប្រារព្ធពិធីនេះឱ្យបានជារៀងរាល់ឆ្នាំ៕ដោយ:វុធ ដារ៉ា