ខេត្តព្រៃវែង៖ គិតត្រឹមល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ ក្រុមគ្រូពេទ្យនៅ”មន្ទីរពេទ្យជោរ៉ៃភ្នំពេញ”មិនអាចវះកាត់ យកក្បាលគ្រាប់កាំភ្លើង ចេញពីថ្លើមរបស់ជនរងគ្រោះបានឡើយ ព្រោះបៀមជ្រៅពេក។
សូមជម្រាបថា ជនរងគ្រោះក្នុងករណីមួយនេះ ឈ្មោះ សាន វិច្ឆកា ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិព្រៃក្ដួច ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង(របួសធ្ងន់) រីឯជនសង្ស័យជាម្ចាស់កាំភ្លើងឈ្មោះ ស៊ាន ប៊ុនណាល់ ភេទប្រុស អាយុ២៦ ឆ្នាំ ជាអធិការរងស្រុកបាភ្នំ នៅភូមិស្វាយពក ឃុំស្ពឺក ស្រុកបាភ្នំ ខេត្តព្រៃវែង(ឃាត់ខ្លួន)។សេចក្ដីរាយការណ៍ពីគ្រួសាររងគ្រោះបានឱ្យដឹងថា ជនរងគ្រោះ ត្រូវគ្រាប់ត្រង់”ចង្កេះបែកឆ្អឹងធ្លាយខួរឆ្អឹង.ហើយផ្លាតក្បាលគ្រាប់បៀមជាប់ថ្លើមជ្រៅ”ទើបគ្រូពេទ្យ មិនអាចវះកាត់ យកក្បាលគ្រាប់ចេញបាន។
ជុំវិញករណីនេះដើមចមដំបូង កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៣ ត្រូវនិងថ្ងៃចូលឆ្នាំទី២ មានសមត្ថកិច្ចប៉ូលិសស្រុកបាភ្នំ ចំនួន៤នាក់ ដឹកនាំដោយឈ្នោះ ស៊ាន ប៊ុនណាល់ (ជនសង្ស័យ) បានចុះបង្ក្រាបល្បែងបញ្ជល់មាន់ត្រង់ចំណុចភូមិគ្រួស ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង ហើយក៏មានករណីផ្ទុះអាវុធ បណ្ដាលឱ្យជនរងគ្រោះរបួសធ្ងន់តែម្ដងទៅ ។
អ្នកឃើញហេតុការណ៍ផ្ទាល់បានអះអាងថា នៅមុនកើតហេតុមានពលរដ្ឋ លួចលេងល្បែងជល់មាន់។ ខណៈនោះស្រាប់តែ លេចមុខសមត្ថកិច្ចប៉ូលិសចំនួន៤នាក់ ស្លៀកពាក់ស៊ីវិល ។
ចុះមកដល់ដកកាំភ្លើងខ្លីពីចង្កេះ បាញ់ ១គ្រាប់ បណ្ដាលឱ្យត្រូវពីក្រោយនៃចង្កេះជនរងគ្រោះ ដែលកំពុងអង្គុយលើម៉ូតូ មើលគេលេងមាន់ជល់ ជាហេតុនាំឱ្យជនរងគ្រោះ ដួលដេកស្ដូកទៅនឹងដីរបួសធ្ងន់ ភ្លាមនោះពលរដ្ឋ បានចាប់ជនដៃដល់រួមនិងប៉ូលិស៣នាក់ ទៀតតែម្ដងទៅ។
ទន្ទឹមនិងនោះជនរងគ្រោះ ត្រូវបានបញ្ជូនមកកាន់មន្ទីរពេទ្យបង្កែកស្រុកបាភ្នំ ប៉ុន្តែដោយស្ថានភាពធ្ងន់ធ្ងរពេក ក៏បញ្ជូនបន្តទៅ«មន្ទីរពេទ្យជោរ៉ៃភ្នំពេញ» ហើយគ្រូពេទ្យនៅទីនោះ បានព្យាយាមវះកាត់ ដើម្បីយកក្បាលគ្រាប់ចេញ។
ប៉ុន្តែគិតមកដល់ល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ម្សិលមិញនេះ ជន រងគ្រោះត្រូវបានបញ្ជូនចេញពីបន្ទប់វះកាត់ហើយ ទាំងដែលក្បាលគ្រាប់ យកចេញពីថ្លើមមិនបានឡើយ។
ប្រភពច្បាស់ការណ៍បានអះអាងថា មូលហេតុដែលគ្រូពេទ្យ យកក្បាលគ្រាប់មិនបាន ក៏ព្រោះតែក្បាលគ្រាប់នោះ បៀមជ្រៅពេក។ ពោលគឺ ជនរងគ្រោះត្រូវគ្រាប់ត្រង់ចង្កេះបែកឆ្អឹងធ្លាយខួរឆ្អឹង ហើយផ្លាតក្បាលគ្រាប់មកបៀម ជាប់ថ្លើមជ្រៅតែម្ដង (អញ្ចឹងសង្ឃឹមរស់តិចបំផុត)។
លោក មុំ សារុំ អធិការស្រុកបាភ្នំ បានថ្លែងប្រាប់ថានៅ ល្ងាចថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៣ថា ករណីនេះលោកអធិការរង មិនមានចេតនាបាញ់នោះទេ ។ ពោលគឺនៅពេលនោះ ដៃម្ខាងកាន់កាំភ្លើង ដៃម្ខាងទៀត កាន់កែបម៉ូតូ លុះម៉ូតូរងគ្រោះទៅមុខ បណ្ដាលឱ្យផ្ទុះអាវុធ ត្រូវជនរងគ្រោះតែម្ដង ព្រោះគ្រាប់មានក្នុងកាំភ្លើងស្រាប់។
បើតាមលោក មុំ សារុំ បច្ចុប្បន្នជនសង្ស័យឈ្មោះ ស៊ាន ប៊ុន ណាល់ កំពុងត្រូវបានឃុំខ្លួន នៅស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដើម្បីចាត់ការតាមនីតិវិធីច្បាប់។
ចំណែកលោក ឈឿន ប៊ុនឆន ស្នងការខេត្តព្រៃវែង បានប្រាប់ថា ករណីខាងលើសមត្ថកិច្ចរបស់លោក កំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដោយគ្មានការលើកលែង។បើតាមលោក ឈឿន ប៊ុនឆន ក្នុងរឿងរ៉ាវមួយនេះ ជនសង្ស័យត្រូវបញ្ជូនទៅតុលាការផង និងដាក់ពិន័យកងកម្លាំងផង។
លោក គុជ គីមឡុង ព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូង ខេត្តព្រៃវែង បានប្រាប់នៅល្ងាចទី១៧ ខែមេសា២០២៣ ថា ករណីខាងលើ សមត្ថកិច្ចកំពុងបំពេញបែបបទ បញ្ជូនមកកាន់តុលាការហើយ។
បើទោះបីជាសមត្ថកិច្ចជំនាញ អះអាងថា ម្ចាស់កាំភ្លើង មិនមានចេតនាបាញ់បែបនោះក្ដី។ ប៉ុន្តែពលរដ្ឋ នៅក្នុងហេតុការណ៍ បានអះអាងដូចៗគ្នាថា ជនសង្ស័យជាមនុស្សក្មេងឆេវឆាវ អាងអំណាចប្រើអាវុធផ្ដេសផ្ដាស បាញ់ត្រូវជនរងគ្រោះទាំងកម្រោលហើយ មកឆ្លើយដោះសារថា«មកពីដួលទើបផ្ទុះអាវុធទៅវិញ»។
យ៉ាងណាក៏ដោយ ក្រុមគ្រួសារ មិត្តភ័ក្ដិបងប្អូនជនរងគ្រោះក៏ ដូចជាមហាជនទូទៅ សូមស្នើដល់ស្ថាប័នតុលាការ មេត្តាចាត់ វិធានការចោទប្រកាន់ និងឃុំខ្លួនជនសង្ស័យតាមច្បាប់ កុំមាន ការលើកលែងឱ្យសោះ។ ដើម្បីឱ្យគ្រួសាររងគ្រោះបានស្ងប់ចិត្ត
និងជាសារព្រមាន ដល់អ្នកប្រើប្រាស់អាវុធដទៃទៀត
ឱ្យមានការប្រុងប្រយ័ត្ន ក្នុងការអនុវត្តតួនាទី របស់ខ្លួនស្របតាមទំហំនៃបទល្មើស៕